ឯកឧត្តមឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ស្នើឱ្យសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បន្តពង្រឹងកិច្ចសហប្រតិបត្តិការនិងពង្រីកការវិនិយោគក្នុងវិស័យយុទ្ធសាស្ត្រនៅកម្ពុជា
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី នៅក្នុងជំនួបសម្តែងការគួរសមជាមួយ លោកស្រី Keiko Miwa ប្រធានផ្នែកភាគនិរតីនិងតំបន់កោះប៉ាស៊ីហ្វិកនៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC), លោក Thomas Jacobs អ្នកគ្រប់គ្រងប្រចាំប្រទេសវៀតណាម ឡាវ និងកម្ពុជា និងគណៈប្រតិភូសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបានគូសរំលេចអំពីជំនឿមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើតួនាទីគន្លឹះវិស័យឯកជន ក្នុងការជំរុញកំណើននិងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។
ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានចែករំលែកអំពីអាទិភាពសំខាន់ៗរបស់រាជរដ្ឋាភិបាល និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកែលម្អនិងពង្រឹងប្រព័ន្ធភស្តុភារកម្ម ការប្រកួតប្រជែងក្នុងវិស័យថាមពល បរិយាកាសធុរកិច្ច និងការអភិវឌ្ឍជំនាញដើម្បីគាំទ្រដល់ការជំរុញវិស័យឧស្សាហកម្ម និងកំណើនដែលដឹកនាំដោយវិស័យឯកជន។
លោកស្រី Keiko Miwa ក៏បានសម្តែងការអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជាចំពោះការអភិវឌ្ឍ និងរីកចម្រើន គួរឱ្យកត់សម្គាល់ប៉ុន្មានទសវត្សរ៍មកនេះ ហើយបានបញ្ជាក់ជាថ្មីនូវភាពជាដៃគូយូរអង្វែងរបស់ IFC ជាមួយប្រទេសកម្ពុជាចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ១៩៩០ និងបានកោតសរសើរចំពោះលទ្ធផលផ្លែផ្កានៃការរួមចំណែកជាអនុសាសន៍គោលនយោបាយរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រោយជំនួបរវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ និងលោកស្រី Towfiqua Hoque តំណាងប្រចាំកម្ពុជានៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិកាលពីខែមីនា ឆ្នាំ២០២៥ កន្លងទៅ ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានស្នើឱ្យ IFC ពិនិត្យលទ្ធភាពក្នុងការធ្វើពិពិធកម្មនៃការគំាទ្រលើវិស័យនានា រួមមាន ភស្តុភារកម្ម ថាមពល ឧស្សាហកម្ម និងកសិកម្ម ជាដើម។
ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានស្នើឱ្យ IFC បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងពង្រីកការវិនិយោគ ទៅក្នុងវិស័យយុទ្ធសាស្ត្រ រួមមាន ការវិនិយោគបៃតងនិងចីរភាព តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍកសិ-ឧស្សាហកម្ម និងខ្សែសង្វាក់តម្លៃ ភស្តុភារកម្ម និងភាពជាដៃគូរវាងរដ្ឋ និងឯកជន និងការអភិវឌ្ឍជំនាញស្របតាមតម្រូវការវិស័យឯកជន៕








