អ្នក​វិភាគ​ចៅ​ចាក់​ស្មុក៖ សម រង្ស៊ី និងគូកនពិតជាអ្នកនយោបាយបាយបិណ្ឌជាបាយបាត្រ រេដូចចុងស្រល់!

ថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០១៩​ - ទស្សនៈមហាជន - 0

​នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៩​នេះ អ្នក​វិភាគ​ដ៏ល្បី​ឈ្មោះ​ ចៅ​ចាក់​ស្មុក​ បាន​បង្ហោះ​ផ្សាយ​នូវ​អត្ថបទ​មួយ​ ដែល​មាន​ចំ​ណង​ជើង​ថា ៖ សម រង្ស៊ី និងគូកនពិតជាអ្នកនយោបាយបាយបិណ្ឌជាបាយបាត្រ រេដូចចុងស្រល់ ។

ខាង​ក្រោម​នេះ គឺ​ជា​ខ្លឹមសារទាំង​ស្រុង​របស់​ ចៅ​ចាក់​ស្មុក​៖

ពិតជាគួរឱ្យខ្មាសជំនួសក្រុមអ្នកដើរតាមនយោបាយរបស់ខ្លួន ព្រោះ ទណ្ឌិត សម រង្ស៊ី និងគូគន អន់ជាងកូនក្មេងបៀមដៃទៅទៀត ធ្វើនយោបាយរេដូចចុងស្រល់ មិនច្បាស់ត្រង់ណាមួយជុំវិញសំណុំរឿងប្រព័ន្ធអនុគ្រោះព័ន្ធរបស់សហភាពអឺរ៉ុប EBA និង GSP របស់សហរដ្ឋអាមេរិក។ ក្រុមប្រឆាំងនេះបានធ្វើសកម្មភាពបំផ្លាញជាតិយ៉ាងខ្លាំងក្លាក្នុងរយៈពេល ៣ ឆ្នាំចុង ក្រោយដើម្បីអង្វរឱ្យបរទេសកុំវិនិយោគ កុំផ្តល់ជំនួយ និងកុំទិញទំនិញពីកម្ពុជា ហើយថែមទាំងអង្វរឱ៊្យ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដាក់សម្ពាធនយោបាយ និងទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងកម្ពុជា និងដាក់ទណ្ឌកម្មផ្សេងប្រឆាំងនឹងមន្រ្តីរដ្ឋាភិបាលខ្មែរ ជាពិសេសគឺបេសកកម្មក្បត់ជាតិស្នើឱ្យសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដកប្រព័ន្ធអនុគ្រោះពន្ធលើទំនិញនាំចូលទៅប្រទេសសមាជិកសភាពអឺរ៉ុប និងសហ​រដ្ឋអាមេរិកក្រោមលេសដ៏ឆ្កួតលីលារបស់ពួកគេថាដើម្បីស្តារលទ្ធិប្រជាធិបតេយ្យដែលកំពុងតែមានវិបត្តិនៅកម្ពុជា។ តាមពិតអ្នកមានវិបត្តិពិតប្រាកដគឺក្រុមជនក្បត់ជាតិដែលមានខ្លះរត់ចោលស្រុក និងខ្លះជាប់គុក ដោយសារតែប្រព្រឹត្តបទល្មើសឃុបឃិតនឹងបរទេសធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាលកម្ពុជាស្របច្បាប់។

​ទំនងដោយសារតែបេសកកម្មបំផ្លាញជាតិរបស់ខ្លួនបរាជ័យ មិនអាចនឹងបញ្ចុះបញ្ចូលសហភាពអឹរ៉ុបនិងសហរដ្ឋអាមេរិកឱ្យជឿតាមការលាបពណ៌ និងការបរិហារកម្ពុជានិងសម្តេចតេជោ ហ៊ុន សែនថាផ្តាច់ ការ និងគ្មានប្រជាធិបតេយ្យបាន ដោយសារតែអ្វីៗមិនដូចជាការបំភ្លៃ បំផ្លើស និងបំភ័ន្តរបស់ក្រុមខ្លួន ទើប និងដោយសារតែដឹងថាសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកនឹងអាចបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP ដល់កម្ពុជាទៀត ទើប សម រង្ស៊ី និងគូកនបានផ្លាស់ប្តូរគោលជំហរ ១៨០ ដឺក្រេក្នុងរឿងប្រព័ន្ធ អនុគ្រោះពន្ធនេះ។ សម រង្ស៊ី និងគូកន បានប្រែគោលជំហរមកជាការពារកុំឱ្យបាត់បង់ប្រព័ន្ធអនុគ្រោះ ព័ន្ធវិញ ព្រោះសម រង្ស៊ី ពិតជាដឹងច្បាស់ក្នុងចិត្តថានយោបាយបំផ្លាញជាតិខ្លួន មិនអាចយកជ័យជម្នះ លើនយោបាយការពារនិងកសាងជាតិរបស់សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាបានឡើយ។ សហគមន៍អន្តរជាតិបានយល់ដឹងយ៉ាងច្បាស់ពីស្ថានភាពពិតនៅកម្ពុជា។ ពួកគេមិនអាចនឹងជឿលើការភូតកុហករបស់ក្រុមបក្សប្រឆាំង ដែលតែងតែប្រើនយោបាយបំផ្លាញជាតិប្រឆាំងនឹងកម្ពុជា ហើយក៏ពួកគេលែងមានជំនឿលើអ្នកនយោបាយអង្ករកំប៉ុងដូច សម រង្ស៊ី និងគូកនទៀតហើយ។

​ម្តងអំពាវនាវឱ្យសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកផ្តាច់ការផ្តល់ភាពអនុគ្រោះពន្ធលើទំនិញកម្ពុជា ដើម្បីខ្ទប់ច្រមុះរាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែធ្វើអ្វីមិនកើត ឥឡូវរត់មកចាក់ខ្សែថារួមគ្នាដើម្បីការពារប្រព័ន្ធ អនុគ្រោះពន្ធ EBA និង GSP វិញ។ ម្តងសុំរង្ស៊ីថាខ្លួននឹងវិលចូលប្រទេសកម្ពុជា ពេលដែលសហភាពអឺរ៉ុប ដកប្រព័ន្ធអនុគ្រោះ EBA ហើយម្តងនេះ សម រង្ស៊ី នឹងគូកនថាការធ្វើមាតុភូមិនិវត្តន៍មកកាន់កម្ពុជានៅឆ្នាំ ២០១៩​ ដើម្បីការពារ EBA និង GSP ទៅវិញ។ តើ សម រង្ស៊ី និងគូកនជាប្រភេទអ្នកនយោបាយរបៀប ណា? ហេតុអ្វីបានជាផ្លាស់ប្តូរត្រឡប់ត្រឡិនស្រេចតែនឹងចិត្ត? មើលស្ថានភាពនេះទើបដឹងថាប្រសាសន៍ របស់សពលោកបណ្ឌិត កែម ឡី ត្រឹមត្រូវឥតខ្ចោះគឺ «សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុង គិតមួយថ្ងៃ ធ្វើមួយថ្ងៃ គ្មានទស្សនៈវិស័យច្បាស់លាស់ ផ្លាស់ប្តូរចិត្តដូចផ្លេកបន្ទោល ហើយសម រង្ស៊ី ជាមនុស្សផ្តាច់ ការ និងអត្តនោម័ត ហើយគ្មានគោលការណ៍ច្បាស់លាស់ឡើយ»។ មិនត្រឹមតែអ្នកមិនគាំទ្រខ្លួនទេដែល រិះគន់វាយប្រហារអំពីគោលជំហររបស់សម រង្ស៊ី សូម្បីតែសកម្មជនរបស់ខ្លួនដែលធ្លាប់លក់មាន់ទា និងលក់ ឆ្កែមកចូលរួមបាតុកម្មតាមការញុះញង់របស់ សម រង្ស៊ី ក៏បានគ្រវីក្បាលនឹកហួសចិត្តចំពោះសម រង្ស៊ី និង ហៅ សម រង្ស៊ីថា «ព្រះគ្រូភូតកុហកបោកប្រាស់» និងជាអ្នកនយោបាយ «បបេរថោក» ដូចលោក ជេម សុខ ហៅដូច្នេះដែរ។ ដោយសារតែភាពគ្រឡិចគ្រឡុច មានគោលជំហរ នយោបាយចុងស្រល់នេះហើយបានជា សម រង្ស៊ី ធ្វើនយោបាយតាំងពីប្រធានបក្សរបស់ដល់ធ្លាក់ខ្លួនធ្វើ បក្សប្រហារដណ្តើមសពខ្មោចបក្សសង្គ្រោះជាតិពី កឹម សុខា មកគ្រប់គ្រងដឹកនាំបង្កើតទីតាំងឈរជើងនយោបាយសម្រាប់ខ្លួន។

​អ្វីដែល សម រង្ស៊ី និងបក្ខពួកខំចេញមកក្តួងក្តាំងបង្ហាញពីការផ្លាស់ប្តូរជំហរគាំទ្រការពារប្រព័ន្ធ អនុគ្រោះពន្ធ EBA និង GSP នេះគឺជាភាពទ័លច្រកនយោបាយ និងដើម្បីចាក់ខ្សែ ហើយកេងចំណេញនយោបាយពីកិច្ចខិតខំប្រឹងប្រែងកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជាព្រោះពួកគេដឹងថាសហភាព អឺរ៉ុបនិងសហរដ្ឋអាមេរិកនឹងធ្វើការវាយតម្លៃប្រកបដោយសុភវិនិច្ឆ័យលើការវិវឌ្ឍនយោបាយរបស់កម្ពុជា​​ និងសម្រេចថាមិនដកប្រព័ន្ធអនុគ្រោះពន្ធលើទំនិញកម្ពុជាឡើយនាពេលខាងមុខ។កម្ពុជាក៏បានប្រកាសយ៉ាងច្បាស់លាស់បំផុតថា កម្ពុជានឹងមិនឆ្លងកាត់បន្ទាត់ក្រហមយកអធិបតេយ្យភាពជាតិទៅដូរនឹងជំនួយ ឬ ការគាំទ្រណាមួយឡើយ។

ហេតុដូច្នេះហើយបានជាពួកគេផ្លាស់ប្តូរ គោលជំហរ និងជៀសវាងពីភាពអាម៉ាសរបស់ខ្លួនដែលខំបន់ស្រន់ផង លត់ជង្គង់អង្វរបរទេសឱ្យដកប្រព័ន្ធអនុគ្រោះពន្ធ ប៉ុន្តែមិនអាចទៅរួច ព្រោះគេលែងជឿការធ្វើនយោបាយភូតកុហក បោកប្រាស់ លាបពណ៌ បង្កើតកំហឹងវណ្ណៈក្នុងសង្គមខ្មែរទៀតហើយ ហើយការប្រកាសម្តងហើយម្តង ទៀតថាវិលចូលស្រុកវិញរបស់សម រង្ស៊ី គឺគ្រាន់តែជាការប្រកាសខ្យល់ដើម្បីរៃអង្គាសប្រាក់ពីសកម្មជន ខ្លួនតែប៉ុណ្ណោះ ហើយទាល់តែយូរបានសម រង្ស៊ី ហ៊ានវិលចូលស្រុកខ្មែរវិញ។ ក្រុមជនក្បត់ជាតិដឹកនាំដោយ សម រង្ស៊ី នឹងកាន់តែអាម៉ាស ហើយបាត់បង់តម្លៃទាំងស្រុង៕

ដោយ ចៅចាក់ស្មុក 
រាជធានីភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០១៩

ទណ្ឌិត សម​ រង្ស៊ី
បញ្ចេញមតិ
អត្ថបទទាក់ទង