ស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ស្វាគមន៍បទឈប់បាញ់កម្ពុជា-ថៃ

ថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥​ - កម្ពុជាថ្ងៃនេះ - 0

(ភ្នំពេញ)៖ នៅថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥ ស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា បានបញ្ចេញមតិស្វាគមន៍ចំពោះបទឈប់បាញ់កម្ពុជា-ថៃ ដែលត្រូវបានដាក់ឱ្យអនុវត្តភ្លាមៗ និងគ្មានលក្ខខណ្ឌ កាលពីពាក់កណ្តាលអាធ្រាតថ្ងៃចន្ទ។

ក្នុងសំណេរនៅលើគណនីហ្វេសប៊ុករបស់ស្ថានទូត គូសបញ្ជាក់ថា «ក្រសួងការបរទេសសហព័ន្ធ សាទរចំពោះកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃថាជាជំហានដ៏សំខាន់ឆ្ពោះទៅរកសន្តិភាព។ យើង​នៅ​តែ​សង្ឃឹម​ថា ភាគី​ទាំង​ពីរ​នឹង​ត្រឡប់មករកភាព​ស្ងប់​ស្ងាត់​ទាំង​ស្រុង ហើយ​វិល​មក​រក​ភាព​ប្រក្រតី​វិញ​»។ ស្ថានទូតក៏បានសង្កត់ធ្ងន់ថា «ការអនុវត្តឆាប់រហ័ស និងរក្សាឱ្យបាននូវកិច្ចព្រមព្រៀង គឺជាកត្តាគន្លឹះ»។

គួរបញ្ជាក់ថា បទឈប់បាញ់មួយរវាងកម្ពុជា និងថៃត្រូវបានសម្រេចឡើង ក្រោយកិច្ចប្រជុំបន្ទាន់រវាងនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្រ្តីស្តីទីថៃ លោក Phumtham Wechayachai នៅរសៀលថ្ងៃចន្ទ ក្នុងទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្រោមការសម្របសម្រួលរបស់ លោក អានវ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដោយមានការចូលរួមពីតំណាងសហរដ្ឋអាមេរិក និងចិន៕

បញ្ចេញមតិ
អត្ថបទទាក់ទង