អាជ្ញាធរមីន អំពាវនាវដល់សហគមន៍អន្តរជាតិឱ្យឈរជាមួយកម្ពុជានិងថ្កោលទោសទង្វើអមនុស្សធម៌របស់ថៃ ឈ្លានពានដោយគិតព្រាងទុកជាមុន និងការប្រើប្រាស់គ្រាប់បែកចង្កោម មកលើប្រទេសកម្ពុជា
អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានសម្តែង នូវការសោកស្តាយ និងថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការឈ្លានពានដោយឥតព្រាងទុកជាមុន និងដោយ ចេតនា វាយប្រហារមកលើប្រទេសកម្ពុជារបស់យោធាថៃ។ ការប្រើអំពើហិង្សានេះនិងការប្រើប្រាស់គ្រាប់បែក ចង្កោមដែលថៃខ្លួនឯងបានទទួលស្គាល់នោះ បានបង្កជាមហន្តរាយមនុស្សធម៌មកលើប្រជាជនស៊ីវិលស្លូតត្រង់ របស់កម្ពុជា។ នេះបើយោងតាមសេចក្តីអំពាវនាវរបស់អាជ្ញាធរមីនចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។
នៅក្នុងលិខិតអំពាវនាវនោះ បានបន្តថា អ្វីដែលយើងកំពុងតែមើលឃើញនៅពេលនេះ គឺមិនមែនជាជម្លោះយោធានោះទេ តែជាការបង្ក សោកនាដកម្មដល់ប្រជាជនស្លូតត្រង់ ស្ត្រី កុមារ ព្រះសង្ឃ និងកសិករ។ ក្នុងរយៈពេល ៧២ ម៉ោង ចុងក្រោយនេះ មនុស្សបានរបួសនិងបាត់បង់ជីវិត និងផ្ទះសម្បែង ទ្រព្យសម្បត្តិ និងទីសក្ការៈបូជាត្រូវបានបំផ្លាញ ត្រូវនិងឆេះខ្ទេចខ្ទី។ ប្រាសាទព្រះវិហារដែលមានតម្លៃជាសកលសម្រាប់មនុស្សជាតិ ជាបេតិកភណ្ឌ ពិភពលោក ជានិមិត្តរូបនៃដួងព្រលឹងសន្តិភាព និងជាអត្តសញ្ញាណជាតិកម្ពុជា ត្រូវទទួលរងផលប៉ះពាល់ និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការវាយប្រហារនេះ។ វាគឺជាការឈឺចាប់បំផុតរបស់ប្រជាជាតិ ហើយវានឹងបន្តដល់មនុស្សជំនាន់ក្រោយ។
អាជ្ញាធរមីន បានបញ្ជាក់ថា គ្រាប់បែកចង្កោម ដែលថៃខ្លួនឯងបានទទួលស្គាល់ថាបានប្រើប្រាស់ គឺជាអាវុធដ៏ព្រៃផ្សៃបំផុតដែលប្រើប្រាស់នៅក្នុងសង្គ្រាម។ គ្រាប់បែកចង្កោមទាំងនេះ មិនត្រឹមតែបង្កសោកនាដកម្មនាពេលបច្ចុប្បន្ននោះទេ វានឹងបន្តនៅពាសពេញផ្ទៃដីរបស់កម្ពុជា និងបន្តបង្កសោកនាដកម្មដល់មនុស្សនាពេលអនាគត។ នៅពេលដែលគ្រាប់បែកនេះធ្លាក់មក វានឹងបែកចេញជាគ្រាប់តូចៗជាច្រើន ស្រោចស្រពទៅលើវាលស្រែ សាលារៀន មណ្ឌលសុខភាព វត្តអារាម និងទីតាំងប្រាសាទនានា។ គ្រាប់ទាំងនេះ នឹងមិនបាត់ទៅវិញ ឡើយទោះបីជាសង្គ្រាមបានបញ្ចប់ក៏ដោយ ហើយវានឹងក្លាយជាស្រមោលដ៏សែនឃោរឃៅនៃសង្គ្រាម ដែលបន្តគំរាមកំហែងដល់ប្រជាជន។ វានឹងបង្កគ្រោះថ្នាក់ដល់ជីវិតកសិករ នៅពេលដែលពួកគេត្រលប់ ទៅប្រើប្រាស់ដីរបស់ខ្លួនវិញ និងគ្រោះថ្នាក់ដល់ជីវិតកុមារ នៅពេលដែលពួកគេលេងនៅជុំវិញផ្ទះរបស់គេ ហើយវានឹងបន្តធ្វើឱ្យសហគមន៍ទាំងមូលរស់នៅក្នុងភាពភ័យខ្លាច។
នៅតាមបណ្តោយព្រំដែន ប្រជាជនខ្មែររាប់ម៉ឺននាក់ មិនត្រឹមតែកំពុងភៀសខ្លួនចេញពីសមរភូមិនោះទេ តែកំពុងភៀសខ្លួនចេញពីភាពភ័យខ្លាចនៃការរស់នៅដែលហ៊ុមព័ទ្ធដោយគ្រាប់បែកចង្កោម។ ទាំងនេះ មិនមែនត្រឹមតែជាតួរលេខនោះទេ តែរឿងពិតដែលបានកើតឡើង៖ ម្តាយបីកូនដែលរងរបួស ព្រះសង្ឃជួយគ្រាហ៍មនុស្សចាស់ចេញពីផ្សែងគ្រាប់ដែលផ្ទុះ កសិករបាត់បង់ជើងនៅក្នុងចម្ការរបស់ខ្លួន ដោយសារគ្រាប់បែកទាំងនេះ។ ការរងគ្រោះទាំងនេះ គឺបានកើតឡើងពិតប្រាកដ ហើយការឈឺចាប់របស់ពួកគេ ទាមទារឱ្យយើងឆ្លើយតបជាបន្ទាន់។
ការឈ្លានពាននេះ ក៏បានធ្វើឱ្យអាក់ខានដល់ការអប់រំផងដែរ ដោយគិតត្រឹមរសៀលថ្ងៃទី២៦ ខែកក្កដានេះ សាលារៀនប្រមាណជិត ៥០០ នៅក្នុងខេត្ត/ក្រុងចំនួន១៤ នៅតាមបណ្តោយព្រំដែន ត្រូវបង្ខំឱ្យបិទ ដែលបានប៉ះពាល់ជាខ្លាំងដល់សិស្ស និងគ្រូប្រមាណ ១៣០,០០០ នាក់។ កុមារដែលគួរតែ អង្គុយរៀននៅក្នុងថ្នាក់ បែរជាមកជ្រកលាក់ខ្លួនដោយភ័យខ្លាច គ្មានសុវត្ថិភាព និងមិនអាចទៅសាលារៀន និងធ្វើសកម្មភាពប្រចាំថ្ងៃដូចមុនឡើយ។ ការឈ្លានពាននេះ មិនត្រឹមតែបង្កការអាក់ខានដល់ការសិក្សា របស់ក្មេងនោះទេ តែវានឹងប៉ះពាល់ជាខ្លាំងដល់សុខុមាលភាពផ្លូវចិត្តរបស់ពួកគេ៕



