ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងបញ្ហាជម្លោះព្រំដែនជាមួយថៃ
សាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត (នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥)
ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងបញ្ហាជម្លោះព្រំដែនជាមួយថៃ៖
១. តំបន់ឬទីកន្លែងដែលមានវិវាទ ឬមិនទាន់ដាច់ស្រេចថាស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសណាមួយ គឺគ្មានភាគីណាមានសិទ្ធិធ្វើសកម្មភាពឬដាក់ចេញនូវវិធានការជាឯកតោភាគីនៅក្នុងតំបន់ឬទីកន្លែងនោះ។ រាល់វិធានការនានាដែលអាចអនុវត្តបាន ត្រូវមានការឯកភាពគ្នារវាងភាគីទាំងពីរជាមុនសិន។
២. បន្ទាត់ក្រហមនៅតែជាបន្ទាត់ក្រហម មិនមានការប្រែប្រួលទេ។ សូមកុំបំពាន។
៣. កម្ពុជាមិនរំលោភបំពានលើអ្នកណាទេ ប៉ុន្តែកម្ពុជាក៏មិនឲ្យអ្នកណាមួយរំលោភបំពានលើខ្លួននោះដែរ។ កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់និងបានត្រៀមខ្លួនជាស្រេចក្នុងការការពារខ្លួននិងការពារបូរណភាពទឹកដី តាមគ្រប់មធ្យោបាយទាំងអស់ប្រឆាំងនឹងការរំលោភបំពាន។
៤. វិធីសាស្រ្តបៀមឈាមព្រួសដាក់អ្នកដទៃ មិនមែនជាវិធីសាស្រ្តដែលមានសីលធម៌និងសុច្ចរិតភាពនោះទេ។ វិធីសាស្ត្របែបនេះមិនត្រូវប្រើទេ បើយើងពិតជាចង់កសាងនូវទំនុកចិត្តរវាងគ្នានិងគ្នា។
៥. កម្ពុជានៅតែរក្សាជំហរក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះ ដោយមធ្យោបាយអហឹង្សា ឲ្យបានឆាប់រហ័ស ប្រកបដោយភាពច្បាស់លាស់និងចីរភាព។
