ក្រសួងការពារជាតិកម្ពុជា គូសបញ្ជាក់ថា ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាដែលបានឈរជើងកាន់កាប់ជាយូរ មកហើយនោះទេ
ក្រសួងការបរទេសកម្ពុជា គូសបញ្ជាក់ថា ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាហើយដែលកងទ័ពកម្ពុជាបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ ហើយរាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជារាប់ទាំងការឈរជើង ការពង្រាយកម្លាំង ការកែសម្រួលកម្លាំង ការចក័តកម្លាំង គឺស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា និងក្នុងគោលដៅត្រៀមខ្លួនការពារបូរណភាពទឹកដីរបស់កម្ពុជាតែប៉ុណ្ណោះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិចុះថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥។
ក្រសួងការពារជាតិ ក៏បានគូសបញ្ជាក់ថា កងទ័ពកម្ពុជាគាំទ្រដល់ការខិតខំស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដីប្រឆាំងរាល់ការប៉ុនប៉ងឈ្លានពាននានា ហើយកងទ័ពកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចូលរួមគាំទ្រដល់យន្តការចរចាព្រំដែនជាមួយប្រទេសថៃជាពិសេសគណៈកម្មការព្រំដែនចម្រុះ (JBC) ដើម្បីបន្តកិច្ចការវាស់វែងខណ្ឌសីមានិងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ក្រៅពីចំណុចដែលកម្ពុជានិងដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
ទន្ទឹមនោះដែរ ក្រសួងការពារជាតិកម្ពុជា ក៏បានអំពាវនាវឲ្យបងប្អូនជនរួមជាតិ និងអ្នកសារព័ត៌មានទាំងអស់ប្រើប្រាស់តែព័ត៌មានដែលមានប្រភពច្បាស់លាស់ ជាពិសេសព័ត៌មានផ្លូវការដែលចេញពីរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ ដែលជាប្រភពព័ត៌មានមានភាពត្រឹមត្រូវ ពិតប្រាកដ និងអាចជឿទុកចិត្តបាន៕
