ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ ការពង្រឹងបាននូវប្រសិទ្ធភាព​ការងារព័ត៌មាន​និង​សាធារណ​មតិ គឺជាការរួមចំណែកដ៏សំខាន់ក្នុងថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សង្គម និងការ​អភិ​វឌ្ឍ!

ថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥​ - កម្ពុជាថ្ងៃនេះ - 0

ថ្លែងបិទវគ្គបណ្តុះបណ្តាលស្ដីពី «ការពង្រឹងការងារព័ត៌មាននិងសាធារណមតិនៅ​ក្នុងយុគសម័យ​ឌីជី​ថល»  នៅខេត្តតាកែវ នារសៀលថ្ងៃទី១០ ខែឧសភា  ឆ្នាំ២០២៥ ទន្ទឹមនឹងការលើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកព័ត៌មាននិងសាធារណមតិគ្រប់កំរិតឱ្យខិតខំ​ប្រឹងប្រែង​បំពេញ​ភារកិ​ច្ចរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់តាមអភិក្រមបុរេសកម្ម និងការងារប្រតិកម្ម​ឆ្លើយ​តបឱ្យ​បានទាន់ពេលវេលា ឯកឧត្តមទេរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានចាត់ទុកការងារ​ព័ត៌មាននិ​ង​សា​ធារណ​មតិគឺជាការរួមចំណែកដ៏សំខាន់និងចាំបាច់បំផុតក្នុងការបន្តថែរក្សាសុខសន្តិភាព ស្ថិរភាព​នយោ​បា​យ សេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម។

ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធាន​គណៈ​កម្មា​ធិការ​ជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.)  ក៏បានណែនាំដល់​មន្ត្រី​ព័ត៌​មាន​ទាំងអស់ រួមទាំងយុវជនបណ្តាញសង្គមក្នុងខេត្ត ត្រូវតែយកចិត្តទុកដាក់ខ្ពស់ក្នុងកា​រ​ប្រឆាំង​ព័ត៌​មាន​ក្លែងក្លាយ ជាពិសេសព័ត៌មានបំពុលសង្គមដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញា​សិប្ប​និម្មិត AI។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងថា ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត ត្រូវបន្តពង្រឹង តាមដាន និងត្រួ​តពិនិត្យការអនុវត្តភារកិច្ចរបស់មន្ត្រីទទួលបន្ទុកការងារព័ត៌មានគ្រប់កំរិតពីថ្នាក់ខេត្ត ដល់​ឃុំ-សង្កាត់ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារដែលមានលក្ខណៈជាប្រព័ន្ធតួអង្គតែមួយ ស្របតាម​គោលការ​ណ៍នៃការប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប។

បន្ថែមពីលើនេះ មន្ត្រីព័ត៌មានទាំងអស់ ចាំបាច់ត្រូវតែខិតខំពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញ និងត្រូវស្វែងយល់ឱ្យកាន់តែច្បាស់អំពីតួនាទីភារកិច្ច និងរបៀបរបបការងារ ជាពិសេស​ត្រូវផ្តោ​តការ​យកចិត្តទុកដាក់ខ្ពស់ពាក់ព័ន្ធនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ហើយត្រូវមានសមត្ថភាព​ក្នុងការ​ទាញ​យកប្រយោជន៍ពីបច្ចេកវិទ្យាមួយនេះ សម្រាប់គោលដៅបម្រើឱ្យការបំពេញការងារប្រចាំថ្ងៃ ក្នុង​ន័យ «រួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដើម្បីបន្តថែរក្សាសុខសន្តិភាពនិ​ងការ​អភិវឌ្ឍ​សង្គ​មជាតិឱ្យកាន់តែរីកចម្រើន តាមរយៈបង្កើនការផលិតខ្លឹមសារ មាតិកា និង​សកម្មភាព​ការងារ​ជាច្រើនរបស់រាជរដ្ឋាភិបាល ជំរុញការផ្សាយព័ត៌មានពិតបានលឿនរហ័ស និងដល់គោលដៅ»។ ទោះ​យ៉ាងណា ដើម្បីសម្រេចបានជោគជ័យក្នុងការងារនេះ  ឯកឧត្តមទេរដ្ឋមន្ត្រី ស្វាយ ស៊ីថា បាន​សង្កត់ធ្ងន់ថា គ្រប់គ្នាត្រូវតែបង្កើនកិច្ចសហការឱ្យបានល្អរវាងមន្ត្រីទទួល​បន្ទុកការងារព័​ត៌មាន​នៅ​មូលដ្ឋាន ជាមួយក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានគ្រប់ថ្នាក់ គ្រប់ផ្នែក ទើបធានា​បាន​នូវ​ភាពគ្រប់ជ្រុងជ្រោយ ក្តាប់បាននូវបញ្ហាប្រឈម និងការភារកិច្ចដែល​ត្រូវអនុវត្ត​ប្រកប​ដោយ​ជោ​គ​ជ័យ។

សូមបញ្ជាក់ថា ក្នុងវគ្គបណ្តុះបណ្តាលរយៈពេលមួយថ្ងៃពេញ ក៏មានការចូលរួមជាវាគ្មិនសំខាន់ៗមួ​យ​ចំនួនដែលមានបទពិសោធន៍ និងការអនុវត្តការងារជាក់ស្តែងលើការងារព័ត៌មាននិង​សាធារ​ណ​មតិ រួមមាន៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ (គ.ស.ព.ស.) និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការ​ទី​ស្តី​ការគណៈរដ្ឋមន្ត្រី និងជាប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស ឯកឧត្តម ទេព អស្នារិទ្ធ ប្រ​ធាន​លេខាធិការដ្ឋាន (គ.ស.ព.ស.) មន្ត្រីជំនាញការងារបច្ចេកវិទ្យារបស់លេខាធិការដ្ឋាន (គ.ស.ព.ស.) និងការធ្វើបទបង្ហាញអំពីការវិវឌ្ឍនៃបញ្ហាសប្បនិម្មិត AI នៃនាយកដ្ឋានបរិវត្ត​កម្មរ​ដ្ឋាភិ​​បា​ល​​ឌីជីថលរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ផងដែរ។

វគ្គបណ្តុះបណ្តាលនេះ ក៏មានការអញ្ជើញចូលរួមពីវាគ្មិនជំនាញៗពីថ្នាក់ដឹក​នាំដែលប្រឡូកក្នុងកិច្ច​កា​រព័ត៌មាននិងសាធារណមតិ  រួមចំណែកក្នុងការចែករំលែកនូវបទពិសោធន៍លើវិស័យព័ត៌មាន ដោ​យ​​បានបង្ហាញនូវ គន្លឹះនៃការផ្តល់ព័ត៌មាន មូលដ្ឋានគ្រឹះនៃការសរសេរអត្ថបទ ការងារឆ្លើយតប ចំណេះដឹងពីការវិវឌ្ឍនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI), សារៈសំខាន់ ផលប៉ះពាល់ និងគ្រោះ​ថ្នាក់​នៃ AI និងព័ត៌មានក្លែងក្លាយ, របៀបកាត់តវីដេអូក្នុងទូរស័ព្ទស្មាតហ្វូន និងការរៀបចំចងក្រង​ប​ណ្តាញសម្រាប់បម្រើដល់ការងារព័ត៌មានជាប្រព័ន្ធតួអង្គតែមួយផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានគូសបញ្ជាក់ថា ក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ ក្នុង​ក្រប​ខ័ណ្ឌនៃការអនុវត្តយន្តការសម្របសម្រួល ដើម្បីធានាប្រក្រតីភាព ប្រសិទ្ធភាព និងនិរន្តរភា​ពការងារ  (គ.ស.ព.ស.​) ​បានសហការរៀបចំដាក់ឱ្យដំណើរការនូវក្រុមការងារព័ត៌មាននិងសាធា​រណ​មតិដែលមានសមាសភាពមន្ត្រី៥រូបនៅតាមបណ្តារាជធានី-ខេត្តទាំង២៥ និងការចូលរួមយ៉ាង​សក​ម្មពីមន្ទីរព័ត៌មាន ក្នុងការដើរតួនាទីដ៏សំខាន់ជាអ្នកដឹកនាំ សម្របសម្រួលដោយផ្ទាល់ជាមួយ​ក្រុម​​ការងា​រគ្រប់​កំរិតក្នុងសមត្ថកិច្ចរបស់ខ្លួន និងជាសេនាធិការបន្ថែមដល់រដ្ឋបាលរាជធានី-ខេត្ត​ទាំង​​អស់លើការងារព័ត៌មាននិងសាធារណមតិ ដោយអនុវត្តន៍តាមអភិក្រមបុរេសកម្ម (Pro-active Approach) ក៏ដូចជាការចងក្រងបណ្តាញធ្វើការងារឱ្យមានលក្ខណៈជាប្រព័ន្ធតួអង្គតែមួយ ស្រប​តាម​គោលការណ៍នៃការប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប ធ្វើយ៉ាងណាឱ្យប្រជាពល​រដ្ឋ​ទទួ​លបាននូវព័ត៌មានពិត ព័ត៌មានច្បាស់ការ មានប្រភពច្បាស់លាស់។

មុននឹងបញ្ចប់វគ្គបណ្តុះបណ្តាល ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានផ្ដាំផ្ញើដល់​សិក្ខាកាម​ដែល​ជាថ្នាក់ដឹកនាំ និងជាមន្ត្រីទទួលបន្ទុកការងារព័ត៌មាននិងសាធារណមតិទាំងអស់នៅក្នុងខេត្តតាកែវ ត្រូវប្រើប្រាស់បណ្តាញសង្គម  និងការតាមដានព័ត៌មាន និងការប្រើប្រាស់បច្ចេកវិទ្យាឌី​ជីថ​លថ្មីៗ​ឱ្យអស់លទ្ធភាព និងបង្កើនល្បឿននៃការផ្សព្វផ្សាយ ល្បឿននៃការប្រតិកម្មឱ្យបានទាន់ពេលវេលា។

វគ្គបណ្តុះបណ្តាល បានបិទបញ្ចប់ក្នុងបរិយាកាសរីករាយស្និទ្ធស្នាល និងភាតរៈបំផុត៕

បញ្ចេញមតិ
អត្ថបទទាក់ទង