តើ រាជរដ្ឋាភិបាល ពិតជានៅស្ងៀម ចំពោះការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកដូចការចោទប្រកាន់មែនឬ?

ថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥​ - កម្ពុជាថ្ងៃនេះ - 0

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល មានវិធានការ វិធីសាស្រ្ត និងផែនការដោះស្រាយចំពោះការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក តាមបែបចាស់ទុំ មិនចាំបាច់ធ្វើការបង្ហោះផ្សាយនៅតាមបណ្តាញសង្គមគ្រប់ពេលនោះទេ។

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាស មរតកតេជោ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់ពន្ធរបស់សហរដ្ឋអាមេរិកដល់ប្រទេសចំនួន ១៨០ ប្រទេស មិនមែនតែសម្រាប់កម្ពុជានោះទេ ហើយ កម្ពុជា ក៏បានផ្ញើលិខិតជូនប្រធានាធិបតីអាមេរិករួចហើយ ដើម្បីស្នើសុំការចរចាឡើងវិញ ចំពោះការអនុវត្តពន្ធរវាងប្រទេសទាំងពីរ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នេះមិនមែនជារឿងថ្មីនោះឡើយដែលក្រុមជ្រុលនិយមដឹកនាំដោយអ្នកនយោបាយចាស់វស្សា តែងតែអុជអាល និងបន្លាចប្រជាពលរដ្ឋគ្រប់រឿង រួមទាំងរឿងអាមេរិកដំឡើងពន្ធផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល មិនបាននៅស្ងៀម ចំពោះការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកនោះឡើយ ពោលគឺរាជរដ្ឋាភិបាល មានយន្ដការដោះស្រាយច្បាស់លាស់ដោយមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ៕

បញ្ចេញមតិ
អត្ថបទទាក់ទង