រយៈពេល៤ ខែ រាជរដ្ឋាភិបាលនាំទឹកទៅសង្គ្រោះស្រូវប្រាំងជូនប្រជាកសិករ លើផ្ទៃដី អន្តរាគមន៍ សរុប ប្រមាណ ៦០ ១១៩ ហិកតានៅខេត្ត ចំនួន ១៤
ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីររាជធានី-ខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានធ្វើអន្តរាគមន៍យ៉ាងសស្រាក់សស្រាំ បូមទឹក ដើម្បីនាំទឹកទៅសង្គ្រោះស្រូវប្រាំងជូនប្រជាកសិករ ដែលជួបប្រទះបញ្ហាខ្វះទឹកដោយទទួលបានជោគជ័យ លើផ្ទៃដីអន្តរាគមន៍ សរុបប្រមាណ ៦០ ១១៩ ហិកតានៅតាមបណ្តាខេត្តចំនួន១៤។
ថ្លែងក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារអន្តរាគមន៍សង្គ្រោះស្រូវប្រាំង ជូនប្រជាកសិករ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដីបានធ្វើឱ្យស្ថានភាពធាតុអាកាសកាន់តែមានលក្ខណៈធ្ងន់ធ្ងរ និងបង្កឱ្យមានគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតកាន់តែកើនឡើងដែលបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិ រំខានដល់សកម្មភាពសេដ្ឋកិច្ច និងអាយុជីវិតរបស់ប្រជាជន។
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ឱ្យដឹងថា ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នេះ ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីររាជធានី-ខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានធ្វើអន្តរាគមន៍យ៉ាងសស្រាក់សស្រាំបូមទឹក ដើម្បីនាំទឹកទៅសង្គ្រោះស្រូវប្រាំងជូនប្រជាកសិករ ដែលជួបប្រទះបញ្ហាខ្វះទឹកដោយទទួលបានជោគជ័យលើផ្ទៃដីអន្តរាគមន៍សរុបប្រមាណ ៦០ ១១៩ ហិកតា នៅតាមបណ្តាខេត្តចំនួន ១៤ ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវការជឿជាក់ថា តាមរយៈកិច្ចប្រជុំ បូកសរុបលទ្ធផលការងារអន្តរាគមន៍ដែលបាននិងកំពុងអនុវត្ត ក្រោមកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធនាពេលនេះនឹងរកឃើញនូវចំណុចខ្លាំងនិងចំណុចខ្សោយ ក៏ដូចជាបទពិសោធន៍ ក្នុងការអនុវត្តការងារកន្លងមកធ្វើជាមូលដ្ឋានដើម្បី ឱ្យការអនុវត្តការងារនៅពេលខាងមុខ កាន់តែមានប្រសិទ្ធភាពថែមទៀត និងសម្រេចបានជោគជ័យ ក្រោមកិច្ចសហការកាន់តែល្អ មានការទទួលខុសត្រូវខ្ពស់ និងការចូលរួមកាន់តែសកម្ម។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ថ្នាក់ដឹកនាំ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្ត និងមន្ត្រីបច្ចេកទេស សូមបន្តតាមដានដោយយកចិត្តទុកដាក់លើស្ថានភាពទឹក នៅតាមអាងទឹកនិងប្រព័ន្ធធារាសាស្ត្រនានា ប្រកបដោយការទទួលខុសត្រូវខ្ពស់ ថែរក្សាទឹកទុកឱ្យបានល្អនិងប្រើប្រាស់ឱ្យចំទិសដៅ។
ជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋមន្ត្រីក៏បានរម្លឹកបន្ថែមដល់អង្គភាពជំនាញ បន្តការយកចិត្តទុកដាក់ត្រួតពិនិត្យ និងថែទាំស្ថានីយបូមទឹក និងម៉ាស៊ីនបូមទឹកគ្រប់ប្រភេទឱ្យបានត្រឹមត្រូវ ដើម្បីត្រៀមជួយអន្តរាគមន៍ដល់បងប្អូនប្រជាកសិករព្រមទាំងបន្តផ្សព្វផ្សាយជូនដំណឹងដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរ ដែនដីនិងសាធារណជន ឱ្យបន្តចូលរួមសហការថែរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់បំផុត ជាពិសេសនៅតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក។
សូមបញ្ជាក់ថាក្នុងឆ្នាំ២០២៤នេះ ក្រសួងបានអន្តរាគមន៍បូមទឹកសង្គ្រោះ ស្រូវប្រាំងជូនប្រជាកសិករដែលប្រឈមខ្វះទឹកស្រោចស្រពនៅតាមបណ្តាខេត្តចំនួន ១៤ រួមមាន ៖ ខេត្តបន្ទាយមានជ័យ ខេត្តតាកែវ ខេត្តកំពត ខេត្តត្បូងឃ្មុំ ខេត្តកំពង់ឆ្នាំងខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង និងខេត្តប៉ៃលិន៕
ប្រភព៖ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា