ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ជួបប្រជុំពិភាក្សាការងារ ជាមួយរដ្ឋមន្ត្រីក្រសួងនីតិកម្ម នៃសាធារណរដ្ឋកូរ៉េ នៅទីក្រុងសេអ៊ូល

ថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤​ - កម្ពុជាថ្ងៃនេះ - 0

(សេអ៊ូល)៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី, ប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ បានជួបប្រជុំពិភាក្សាជាមួយលោក Lee Wan-kyu រដ្ឋមន្ត្រីក្រសួងនីតិកម្ម នៃសាធារណរដ្ឋកូរ៉េ នៅអគាររដ្ឋាភិបាលកូរ៉េ នាទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉។

គោលបំណងនៃកិច្ចប្រជុំពិភាក្សាការងារនេះ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនីតិកម្ម រវាងក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្រ្តី និងក្រសួងនីតិកម្ម នៃសាធារណរដ្ឋកូរ៉េ និងដើម្បីផ្លាស់ប្តូរចែករំលែកបទពិសោធលើការងារនីតិកម្ម ព្រមទាំងការកសាងសមត្ថភាពលើការពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ ពិសេសការកាត់តែងសេចក្តីព្រាងច្បាប់ ដោយផ្អែកលើអនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥។

លោក Lee Wan-kyu រដ្ឋមន្ត្រីក្រសួងនីតិកម្ម នៃសាធារណរដ្ឋកូរ៉េ បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅសាធារដ្ឋកូរ៉េ និងមានជំនួបពិភាក្សាការងារជាមួយក្រសួងនីតិកម្ម ដើម្បីពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ ពាក់ព័ន្ធនឹងមុខងារកសាងច្បាប់រវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ពិសេសការចូលរួមថ្លែងសុន្ទកថាបើករបស់គណៈកម្មការរៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី និងសន្និសីទលើកទី១២ នៃអ្នកជំនាញនីតិកម្មអាស៊ី។

ក្នុងឱកាសនោះដែរ ក្រសួងនីតិកម្មនៃសាធារណរដ្ឋកូរ៉េ បានធ្វើបទបង្ហាញអំពីមុខងារ, តួនាទីភារកិច្ច និងរចនាសម្ព័ន្ធរបស់ក្រសួងនីតិកម្មកូរ៉េ ពិសេសមុខងារក្នុងការពិនិត្យ និងការផ្តល់យោបល់លើសេចក្តីព្រាងច្បាប់, ការបកស្រាយច្បាប់ និងការកែលម្អច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងការផ្តល់សេវាកម្មផ្នែកច្បាប់ដល់គ្រប់ក្រសួងស្ថាប័ន និងសាធារណជនទូទៅរបស់កូរ៉េ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណចំពោះការស្វាគមន៍ដ៏កក់ក្តៅរបស់ក្រសួងនីតិកម្មនៃសាធារណរដ្ឋកូរ៉េ និងការរៀបចំកិច្ចប្រជុំការងារ ដ៏មានសារៈសំខាន់ នេះឡើង។ ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃកម្ពុជា គឺជាស្ថាបនិកនៃទំនាក់ទំនង ការទូតកម្ពុជា-កូរ៉េ ក្នុងឆ្នាំ១៩៩៧ ហើយទំនាក់ទំនងនេះ បានចូលរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាលើគ្រប់ វិស័យរហូតដល់សព្វថ្ងៃ តាមរយៈការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ (ODA), ការវិនិយោគ, ពាណិជ្ជកម្ម និងទេសចរណ៍។

ផ្អែកលើមូលដ្ឋាននៃទំនាក់ទំនងការទូតដ៏រឹងមាំខាងលើ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបន្តផ្តល់អាទិភាពខ្ពស់បន្ថែមទៀត ដល់ការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-កូរ៉េ ព្រមទាំងបានដំឡើងទំនាក់ទំនងនេះដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រ។ ជាក់ស្តែង កិច្ចប្រជុំនាពេលនេះ គឺជាផ្នែកមួយនៃការចូលរួមចំណែកពង្រឹងនិងពង្រីងទំនាក់ទំនងជាយុទ្ធសាស្រ្តនៃប្រទេសទាំងពីរ។

លោក វង្សី វិស្សុត បានបន្តលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហើយមុំទី៤ នៃយុទ្ធសាស្រ្តនេះ បានផ្តោតសារៈសំខាន់លើការលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពច្បាប់និងប្រព័ន្ធយុត្តិធម៌។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ដែលជាយន្តការដឹកនាំ, សម្របសម្រួល និងជំរុញការអនុវត្តការងារកែទម្រង់ច្បាប់ ស្របតាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងគោលបំណងពង្រឹងនិងលើកកម្ពស់គោលការណ៍នីតិរដ្ឋ និងសន្តិសុខគតិយុត្ត ព្រមទាំងគុណភាព និងប្រសិទ្ធភាពនៃច្បាប់។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកឡើងផងដែរថា វិស័យនីតិកម្មរបស់សាធារណរដ្ឋកូរ៉េមានភាពជឿនលឿន។ ជាងនេះទៅទៀត កូរ៉េបានដាក់ចេញ និងអនុវត្តនូវការកែទម្រង់ ច្បាប់របស់ខ្លួន ប្រកបដោយភាពជោគជ័យខ្ពស់ ដែលជាប្រការមួយបានជួយធ្វើឱ្យសាធារណរដ្ឋកូរ៉េ ទទួលបាននូវការរីកចម្រើនខាងផ្នែកសេដ្ឋកិច្ច គួរឱ្យកត់សម្គាល់។ ដូចនេះ ការចែករំលែក និងការផ្លាស់ប្តូរបទពិសោធន៍ល្អៗរបស់សាធារណរដ្ឋកូរ៉េ ពិតជាមានសារៈសំខាន់ដល់ការកែទម្រង់ច្បាប់របស់កម្ពុជាខាងលើ ពិសេសការរៀបចំក្របខ័ណ្ឌ យុទ្ធសាស្រ្តនៃការកែទម្រង់ច្បាប់ និងនិម្មាបនកម្ម ព្រមទាំងផែនទីចង្អុលផ្លូវ សម្រាប់កសាងប្រព័ន្ធច្បាប់ និងពង្រឹងវប្បធម៌នីតិរដ្ឋ។

ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោក Lee Wan-kyu រដ្ឋមន្ត្រីក្រសួងនីតិកម្មនៃសាធារណរដ្ឋកូរ៉េ ក៏បានធ្វើការពិភាក្សា និងផ្លាស់ប្តូរមតិយោបល់ផងដែរ លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនីតិកម្ម រវាងក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្រ្តី និងក្រសួងនីតិកម្ម នៃសាធារណរដ្ឋកូរ៉េ ដោយឈរលើមូលដ្ឋាន នៃអនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័ន នៃប្រទេសទាំងពីរ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥ លើការតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត, ការកសាងសមត្ថភាព, ការផ្លាស់ប្តូរបទពិសោធ និងការកសាងប្រព័ន្ធគ្រប់គ្រងទិន្នន័យច្បាប់ នៅក្នុងបរិបទនៃការកសាងរដ្ឋាភិបាលឌីជីថល និងសេដ្ឋកិច្ច-សង្គមឌីជីថល៕

បញ្ចេញមតិ
អត្ថបទទាក់ទង