អភិបាលស្រុកកំពង់ស្វាយ ណែនាំដល់អ្នកប្រកបមុខរបរចម្លងទូកនិងអ្នកដំណើរត្រូវមានអាវពោងសុវត្ថិភាព ប៊ីដុងទឹក និងមិនត្រូវដាក់មនុស្សរឺសម្ភារៈលើសចំណុះ

ថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤​ - កម្ពុជាថ្ងៃនេះ - 0

លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ អមដំណើរដោយមន្រ្តី បានអញ្ជើញចុះពិនិត្យមើលទីតាំង និងណែនាំប្រជាពលរដ្ឋប្រកបមុខរបរចម្លងមនុស្សតាមទូក។ នេះបើតាមការឱ្យដឹងពីគណនីហ្វេសប៊ុក ឈ្មោះ ប្រជាជន កំពង់ស្វាយ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។

យោងតាមគណនីនេះ បានឱ្យដឹងថា លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ អមដំណើរដោយមន្រ្តី បានអញ្ជើញចុះពិនិត្យមើលទីតាំងប្រជាពលរដ្ឋប្រកបមុខរបរចម្លងមនុស្សតាមទូក ខណៈនោះលោកក៏បានណែនាំដល់ម្ចាស់ទូកថា ដើម្បីត្រៀមបង្ការគ្រោះថ្នាក់កើតឡើងដោយមិនបានដឹងជាមុន នៅពេលដឹកមនុស្សចម្លងពីច្រាំងម្ខាងទៅច្រាំងម្ខាងទៀត ដូចនេះទូកនីមួយៗត្រូវមានអាវពោងសុវត្ថិភាព ប៊ីដុងទឹក មិនត្រូវដាក់មនុស្សរឺសម្ភារៈលើសចំណុះ ម្យ៉ាងវិញទៀត ពេលមេឃរកកល់ចង់ខ្យល់រឺភ្លៀងខ្លាំងមិនគួរធ្វើការចម្លងនោះទេ។

នៅក្នុងឱកាសនោះដែរ លោក អ៊ុត វណ្ណរ៉ា ក៏បានអំពាវនាវឱ្យសិស្សានុសិស្សត្រូវតែពាក់អាវពោងនៅពេលជិះទូកឆ្លងស្ទឹងមិនថាមករៀនរឺក៏ឆ្លងក្នុងគោលំណងណាមួយនោះទេ ត្រូវតែពាក់អាវពោង៕

បញ្ចេញមតិ
អត្ថបទទាក់ទង