រកឃើញមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធចំនួន ៧៦នាក់ មានផ្ទុកសារធាតុញៀន និងត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ

ថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤​ - កម្ពុជាថ្ងៃនេះ - 0

បើតាមឆានែលតេឡេក្រាមផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ស្តីអំពីការអនុវត្តបទបញ្ជាលេខ០១ បប កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីអំពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចាត់តាំងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយក្នុងនោះ គិតត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ ចំនួនមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធដែលបានធ្វើតេស្តរកសារធាតុញៀនតាមទឹកមូត្រ មានចំនួន ៥៦,៤៤៥នាក់ ក្នុងនោះរកឃើញផ្ទុកសារធាតុញៀន មានចំនួន ៧៦នាក់ និងត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌ។

ជាមួយគ្នានេះ ដើម្បីបន្តអនុវត្តបទបញ្ជាលេខ០១ បប ប្រកបដោយប្រសិទ្ធភាព អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់ចេញនូវវិធានការមួយចំនួន ដូចខាងក្រោម៖
ទី១-កៀគរជំនួយដើម្បីទទួលបានឧបករណ៍ធ្វើតេស្តបន្ថែម
ទី២-សហការជាមួយក្រសួងសុខាភិបាល និងបង្កើតក្រុមការងារចំពោះកិច្ចមួយឡើង សម្រាប់ធ្វើតេស្តបញ្ជាក់ឡើងវិញ ក្នុងករណីមានការតវ៉ាលើលទ្ធផលតេស្ត
ទី៣- បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីបង្គោលរបស់អង្គភាពនានា ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីឱ្យអង្គភាពពួកគាត់ អាចចេះធ្វើតេស្តតាមទឹកមូត្របានដោយខ្លួនឯង
ទី៤- ណែនាំដល់សាមីក្រសួង-ស្ថាប័ន ដែលបានបណ្តេញមន្ត្រីវិជ្ជមានសារធាតុញៀនចេញ ឱ្យបញ្ជូនពួកគាត់ទៅទទួលការព្យាបាល និងស្តារនីតិសម្បទាឡើងវិញ។

ជាចុងក្រោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានអនុវត្តបទបញ្ជាលេខ០១ បប របស់សម្តេច ប្រកបដោយប្រសិទ្ធភាព សក្ដិសិទ្ធិភាព និងមាននិរន្តភាព៕

បញ្ចេញមតិ
អត្ថបទទាក់ទង