នគរបាលជាតិ ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដោយចាត់គ្រប់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាពក្មេងទំនើងឱ្យបានម៉ឺងម៉ាត់

ថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤​ - កម្ពុជាថ្ងៃនេះ - 0

(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសមួយ ដោយប្តេជ្ញាចិត្តយ៉ាងមុតមាំ ដោយ ចាត់គ្រប់វិធានការជំនាញ និងវិធានការច្បាប់ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាពក្មេងទំនើង ឱ្យបានម៉ឺងម៉ាត់ និងហ្មត់ចត់បំផុត ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

សេចក្តីប្រកាសរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើឡើងបន្ទាប់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់អភិបាលរាជធានីខេត្តទាំងអស់ រួមជាមួួយនឹងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរឹតបន្តឹងនិងចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ក្នុងការបង្ការទប់ស្កាត់ដោយគ្មានការបន្ធូរបន្ថយ និងគ្មានការលើកលែងនោះឡើយ ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម។

អគ្គស្នងការដ្ឋាននគរបាលជាតិ បានកត់សម្គាល់ថា សកម្មភាពក្មេងទំនើងបានកើតមានឡើងជា ញឹកញាប់ និងមានចរិតកាចសាហាវគួរឱ្យព្រួយបារម្ភ ធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ បង្កឱ្យមានការភ័យខ្លាច និងជះឥទ្ធិពលដល់បរិយាកាសសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ព្រមទាំងរំខានដល់ការរស់នៅរបស់ ប្រជាពលរដ្ឋនៅមូលដ្ឋាន។

សេចក្តីប្រកាសបានបញ្ជាក់ដូច្នេះថា៖ «ដើម្បីដោះស្រាយបញ្ហាខាងលើនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដោយ ចាត់គ្រប់វិធានការជំនាញ និងវិធានការច្បាប់ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាពក្មេងទំនើង ឱ្យបានម៉ឺងម៉ាត់ និងហ្មត់ចត់បំផុត ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាពិសេសអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុសាសន៍ និងបទបញ្ជារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងឱកាសសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនទី បង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥» នៅថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២៤»

អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានអំពាវនាវដល់សាធារណជន គ្រប់គ្រឹះស្ថានសិក្សា មាតាបិតាអាណាព្យាបាលទាំងអស់ សូមចូលរួមក្នុងការអប់រំ ណែនាំ ប្រៀនប្រដៅដល់សិស្សានុសិស្ស បុត្រធីតា របស់ខ្លួន ឱ្យបានល្អ មានសុជីវធម៌ ចរិយាសម្បត្តិសមរម្យ ថ្លៃថ្នូរ ស័ក្តិសមជាយុវជនទំពាំងស្នងឫស្សី ជាសសរទ្រូងនៃ ប្រទេសជាតិ ជាពិសេសសំណូមពរដល់ប្អូនៗជាយុវជន និងយុវតីគ្រប់រូប ត្រូវចេះកសាងខ្លួន ស្រលាញ់ ការសិក្សា ចៀសវាងឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខ ពាលាអាវាសែគ្រប់យ៉ាង។

ទន្ទឹមនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ស្នើសុំដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សូមបង្កើន នូវកិច្ចសហការដឹកនាំសកម្មភាពការងារក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពក្មេងទំនើង ឱ្យបាន ដាច់ខាត ដើម្បីរួមចំណែកជំរុញចលនាអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យទទួលបានជោគជ័យ៕

ប្រភព៖ FRESH NEWS

បញ្ចេញមតិ
អត្ថបទទាក់ទង