អ្នកនាំពាក្យនាយករដ្ឋមន្ត្រី បញ្ជាក់៣ចំណុច បដិសេដចំពោះការផ្សាយព័ត៌មានប្រឌិតរបស់ The Cambodia Daily ដែលចោទប្រកាន់ថាលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ទទួលសំណូកពីឯកឧត្ដម គុណ ញឹម

ថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤​ - កម្ពុជាថ្ងៃនេះ - 0

អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសបដិសេដ ចំពោះការផ្សព្វផ្សាយព័ត៌មានប្រឌិតខុសពីការពិតទាំងស្រុងរបស់ The Cambodia Daily បានផ្សព្វផ្សាយនូវព័ត៌មាន ប្រឌិតខុសពីការពិតទាំងស្រុង ដោយបានចោទប្រកាន់ថា «ឯកឧត្តម គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានសូកប៉ាន់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ភរិយារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីពន្យារពេលចូលនិវត្តន៍រហូតដល់ទៅឆ្នាំ២០២៨»។

ពាក់ព័ន្ធនឹងព័ត៌មានប្រឌិតខាងលើនេះ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី បានបញ្ជាក់ជូនសាធារណជនទាំងអស់ចំនួន៣ចំណុចដូចខាងក្រោម៖
១៖ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី សូមច្រានចោល និងបដិសេដាច់អហង្ការចំពោះព័ត៌មានប្រឌិតដែលបានផ្សព្វផ្សាយដោយសារព័ត៌មាន The Cambodia Daily ក្នុងចេតនាទុច្ចរិត ដែលធ្វើឱ្យសាធារណៈជនមានការភាន់ច្រឡំ និងនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងភាពស្អាតស្អំរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ភរិយារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

២៖ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី សូមបញ្ជាក់យ៉ាងម៉ឺងម៉ាត់ជូនសាធារណជនជ្រាបថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ពុំបានទទួលសំណូកសូកប៉ាន់ដូចការផ្សព្វផ្សាយចោទប្រកាន់ខុសពីការពិតរបស់សារព័ត៌មាន The Cambodia Daily នោះទេ។ លោកជំទាវបណ្ឌិត មិនដែលប្រើប្រាស់តួនាទីព្រះគមជា ជាភរិយារបស់សម្តេចធិបតី ដើម្បីចាត់ចែងការងាររបស់រាជរដ្ឋាភិបាលនោះឡើយ។ ផ្ទុយទៅវិញ លោកជំទាវបណ្ឌិត តែងតែប្រកាន់ខ្ជាប់នូវការបំពេញតួនាទីយ៉ាងល្អប្រសើរ និងឥរិយាបទប្រកបដោយសេចក្តីថ្លៃថ្នូរ ក្នុងនាមជាឧត្តមភរិយារបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងតែងតែធ្វើសកម្មភាពមនុស្សធ៌មជាច្រើន ដើម្បីសង្គមជាតិ និងប្រជាជន។

៣៖ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី សូមថ្កោលទោសយ៉ាងខ្លាំងចំពោះអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាន The Cambodia Daily Khmer ដែលបានផ្សព្វផ្សាយព័ត៌មានប្រឌិតខុសពីការពិតទាំងស្រុងដូច បានលើកឡើងខាងលើ។ នេះមិនមែនជាលើកទី១ទេ ដែលសារព័ត៌មានមួយនេះ ផ្សព្វផ្សាយព័ត៌មានមិនពិតក្នុងចេតនាទុច្ចរិត ញុះញង់ បំភ្លៃការពិត ក្នុងគោលបំណងមូលបង្កាច់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងក្រុមគ្រួសារ ដើម្បីបម្រើ របៀបវារៈនយោបាយរបស់ខ្លួន។ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី បានស្នើឱ្យអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាននេះ បញ្ឈប់ជាបន្ទាន់នូវអំពើថោកទាបបែបនេះបន្តទៀត និងងាកមកប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានត្រឹមត្រូវ៕

បញ្ចេញមតិ
អត្ថបទទាក់ទង