ត្រីមាសទី១ ឆ្នាំនេះ រដ្ឋាភិបាល បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងវិនិយោគពង្រីកចំនួន ១០៦គម្រោង ដែលមានទុនវិនិយោគសរុប២,២ពាន់លានដុល្លារ
រយៈពេល៣ខែដំបូងនៅក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាល បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងវិនិយោគពង្រីកចំនួន ១០៦គម្រោង ដែលមានទុនវិនិយោគសរុប២,២ពាន់លានដុល្លារ។ នេះបើយោងតាមសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។
នៅក្នុងសារលិខិតនោះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ឆ្នាំ២០២៤នេះ គឺជាឆ្នាំដំបូងនៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងនោះកម្មវិធីអាទិភាពចំនួន ៦ និងវិធានការគន្លឹះចំនួន៥ ត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាល សំដៅធានាឱ្យបាននូវប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីនយោបាយ និងការកែទម្រង់ស៊ីជម្រៅក្នុងគោលបំណងសម្រួលការធ្វើធុរកិច្ច អាជីវកម្ម ពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចលើគ្រប់វិស័យ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានចំណូលខ្ពស់ ការងារកាន់តែសមរម្យនិងសម្បូរបែប ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ជាលទ្ធផលក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោង វិនិយោគថ្មី និងគម្រោងវិនិយោគពង្រីកចំនួន ១០៦គម្រោង ដែលមានទុនវិនិយោគសរុបចំនួន ២,២ពាន់លាន ដុល្លារអាម៉េរិក និងអាចបង្កើតការងារថ្មីចំនួនប្រមាណជា១០,៧ម៉ឺនកន្លែង។ ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ដដែលនេះ ចំនួនសហគ្រាសដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកើនឡើងពី ចំនួន ៤០.៩៧៥ ដល់ចំនួន ៤៣.៨៤៩សហគ្រាស (កើនឡើងចំនួន ២ ៨៧៤សហគ្រាស) ហើយចំនួន កម្មករនិយោជិត បានកើនពីចំនួន ១.៧១៥.០២៩នាក់ ដល់ចំនួន ១.៧៩៣ .៤៦៧នាក់ (កើនឡើងចំនួន ៧៨.៤៣៨ នាក់)៕