រដ្ឋបាលជលផលខេត្ដស្ទឹងត្រែង ប្រកាសបិទរដូវនេសាទចាប់ពីថ្ងៃទី១ឧសភាតទៅ

ថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤​ - កម្ពុជាថ្ងៃនេះ - 0

រដ្ឋបាលជលផលខេត្ដស្ទឹងត្រែង បានចេញសេចក្ដីជូនដំណឹងពី រដូវបិទនេសាទ ឆ្នាំ២០២៤ នៅខេត្តស្ទឹងត្រែង ដោយចាប់អនុវត្ដពីថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី៣០ ខែកញ្ញា រៀងរាល់ឆ្នាំ។ ក្នុងអំឡុងពេលបិទនេសាទនេះ គឺមិនអនុញ្ញាតឲ្យធ្វើការនេសាទដោយឧបករណ៍មងគ្រប់ប្រភេទ សំដៅដើម្បីការពារត្រីមេពូជក្នុងអំឡុងពេលបង្កកំណើតខ្ពស់នេះ។

រដ្ឋបាលជលផលខេត្ដស្ទឹងត្រែង ក៏បានអំពាវនាវដល់បងប្អូនប្រជានេសាទបញ្ឈប់ជាបន្ទាន់នូវការប្រើឧបករណ៍ឆក់ សារធាតុពុល និងគ្រឿងផ្ទុះ ដែលជាប្រភេទឧបករណ៍នាំឱ្យវិនាសអន្តរាយដល់ធនធានជលផល និងមច្ឆាជាតិយ៉ាងធ្ងន់ធ្ងរបំផុត។

ទន្ទឹមនឹងនេះ រដ្ឋបាលជលផលខេត្ដស្ទឹងត្រែង បានបញ្ជាក់ថា បើទោះបីជាក្នុងរដូវបិទនេសាទក៏ដោយ បងប្អូនប្រជានេសាទនៅតែអាចធ្វើការនេសាទបាន ដោយប្រើនូវឧបករណ៍នេសាទជាលក្ខណៈគ្រួសារដូចជា៖ សៃយ៉ុន លប សំណាញ់ សន្ទូចផ្លែមួយ អង្រុត ចាន់ តុម ទ្រូ កញ្ច្រែងដងត្រី និងឧបករណ៍មួយចំនួនទៀតដែលច្បាប់អនុញ្ញាតសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ៕

បញ្ចេញមតិ
អត្ថបទទាក់ទង