សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានឹងសម្រេចបានការលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ទម្រង់ត្រឹមឆ្នាំ២០២៥

ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤​ - កម្ពុជាថ្ងៃនេះ - 0

នៅក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជាបានធ្វើដំណើរកាន់តែខិតទៅជិតដល់ការលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ទម្រង់ នៅត្រឹមឆ្នាំ២០២៥ ខាងមុខដ៏ខ្លី តាមការគ្រោងទុក។

គួរបញ្ជាក់ថា ទិវាគ្រុនចាញ់ពិភពលោក និងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នៅកម្ពុជាឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «លើកកម្ពស់សមធម៌សុខភាព សមភាពយេនឌ័រ និងសិទ្ធិមនុស្ស ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់» ដើម្បីជំរុញនិងលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ព្រមទាំងដៃគូអនុវត្ត និងដៃគូអភិវឌ្ឍរួមគ្នាពន្លឿនការអនុវត្តសកម្មភាពលុបបំបាត់ជំងឺគ្រុនចាញ់ទៅតាម «ផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់២០១១-២០២៥» ដែលដាក់ចេញដោយសម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ឱ្យសម្រេចបានជោគជ័យ ដើម្បីកម្ពុជាគ្មានជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥ និងដើម្បីបណ្តាប្រទេសនៅក្នុងមហាអនុតំបន់មេគង្គគ្មានជំងឺគ្រុនចាញ់ នៅត្រឹមឆ្នាំ២០៣០។

នៅក្នុងសារលិខិតដដែល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ក្នុងបរិបទនៃសុខសន្តិភាព ស្ថិរភាពនយោបាយ សេរីភាព សាមគ្គីភាព សេចក្ដីថ្លៃថ្នូរ និងវឌ្ឍនភាពទូទាំងប្រទេស កម្ពុជាបានធ្វើដំណើរកាន់តែខិត ទៅជិតដល់ការលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ទម្រង់ នៅត្រឹមឆ្នាំ២០២៥ តាមរយៈសមិទ្ធផលសំខាន់ៗ មានជាអាទិ៍៖
១-ការទប់ស្កាត់មិនឲ្យមានភាពស៊ាំទៅនឹងថ្នាំសម្លាប់មេរោគគ្រុនចាញ់ ចាប់តាំងពីឆ្នាំ២០១៦,
២-ការបន្តថយចុះនៃចំនួនករណីជំងឺគ្រុនចាញ់ ដោយនៅឆ្នាំ២០២៣ មានត្រឹមតែ ១.៣៨៤ ករណីប៉ុណ្ណោះ
៣-និងការគ្មានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់ គិតចាប់តាំងពីឆ្នាំ២០១៨ មក៕

បញ្ចេញមតិ
អត្ថបទទាក់ទង