ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញបើកសមយុទ្ធ «ហនុមានមាស ២០១៩» នៅទីលានបាញ់គ្រាប់ពិតតេជោ សែន ជុំគិរី ខេត្តកំពត
កំពត៖ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានកងទ័ពជើងគោក បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសមយុទ្ធ «ហនុមានមាស ២០១៩» លើកទី២ នៅទីលានបាញ់គ្រាប់ពិតតេជោសែន ជុំគិរី ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រពាំងវែង ស្រុកជុំគិរី ខេត្តកំពត។
សមយុទ្ធ «ហនុមានមាស ២០១៩» លើកទី២នេះ មានរយៈពេល៦ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ ហើយពិធីបិទសមយុទ្ធនេះ នឹងធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩។
លំហាត់សមយុទ្ធ «ហនុមានមាស ២០១៩» មានកងទ័ពចូលរួមប្រមាណជាង១០០០នាក់ រៀបចំឡើងដោយកងទ័ពជើងគោក ជាមួយនឹងការប្រើប្រាស់នូវអាវុធយុទ្ធភណ្ឌទំនើបៗផងដែរ។
លំហាត់សមយុទ្ធ «ហនុមានមាស ឆ្នាំ២០១៩» ត្រូវបានធ្វើឡើងដើម្បីពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងទ័ពជើងគោក ក្នុងកិច្ចការពារបូរណភាពទឹកដី នាពេលបច្ចុប្បន្ន និងអនាគត។
សមយុទ្ធនេះក៏ជាការវាស់ស្ទង់សមត្ថភាពយោធា ក្រោយពីធ្វើការហ្វឹកហ្វឺនតាមបណ្តាសាលា និងកងឯកភាពរួចផងដែរ។ ម៉្យាងវិញទៀត សមយុទ្ធហនុមានមាសនេះ ក៏នឹងជួយលើកកម្ពស់សមត្ថភាព គុណភាព ផ្តល់ចំណេះដឹងការងារសេនាធិការ ក្នុងការធ្វើសមយុទ្ធដល់កម្មសិក្សា នាយទាហានសេនាធិការ ក្នុងការសហការរវាងប្រភេទទ័ព និងទ័ពជំនាញ ក្នុងពេលហ្វឹកហ្វឺន ក៏ដូចក្នុងពេលប្រយុទ្ធថែមទៀតផង៕