កន្លែងវិបស្សនាថ្មីនៅលើភ្នំគិរីរម្យ ជាគោលដៅទេសចរណ៍លំហែបៃតងមួយដ៏ទាក់ទាញសម្រាប់អ្នកប្រតិបត្តិសាសនា

ថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤​ - ចំណេះដឹងទូទៅ - 0

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា កន្លែងវិបស្សនាថ្មីនៅលើភ្នំគិរីរម្យនេះ គឺជាគោលដៅទេសចរណ៍លំហែបៃតង ដែលសក្តិសមបំផុតសម្រាប់អ្នកប្រតិបត្តិសាសនា និងជាកន្លែងអ្នកទេសចរណ៍ដែលជួយឱ្យចិត្តស្អាត ពោលគឺស្អាតទាំងគំនិត ស្អាតទាំងបរិស្ថានខាងក្រៅ ជាមួយនិងធម្មជាតិដ៏ស្រស់ត្រកាលព័ទ្ធជុំវិញ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងដូចនេះនៅក្នុងឱកាសអញ្ជើញដឹកនាំប្រតិភូក្រសួងបរិស្ថាន ចុះពិនិត្យការសាងសង់កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ «គិរីរម្យ» នៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញនេះ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាក់បន្ថែមថា ការរៀបចំសាងសង់ទីកន្លែងសមាធិនេះឡើង គឺដើម្បីផ្សព្វផ្សាយពីមាគ៌ាព្រះពុទ្ធសាសនា វប្បធម៌ និងបង្ហាញអំពីធនធានធម្មជាតិ ផ្សារភ្ជាប់ទៅនឹងជីវិតប្រចាំថ្ងៃដែលប្រកបទៅដោយធម៌សណ្ដោស កសាងសន្តិភាពផ្លូវចិត្តឱ្យរឹងមាំ តាមរយៈការសិក្សាធម៌វិន័យរបស់ព្រះពុទ្ធ ដែលផ្តោតសំខាន់លើភាពល្អបរិសុទ្ធ ភាពស្អាតនៃចិត្ត ស្របតាម «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨»។

គម្រោងទេសចរណ៍លំហែបៃតង គឺជាយុទ្ធសាស្រ្តចម្បងមួយរបស់ក្រសួងបរិស្ថាន ផ្ដើមចេញពីការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានបានផ្តោតលើមុំយុទ្ធសាស្ត្រចំនួន៣ គឺ «ស្អាត បៃតង និងចីរភាព»។ យុទ្ធសាស្រ្តនេះបានយកចិត្តទុកដាក់លើការអភិរក្សបរិស្ថាន វប្បធម៌ ជំនឿសាសនា និងធនធានធម្មជាតិ ព្រមទាំងជួយលើកកម្ពស់សោភ័ណភាពតំបន់ធម្មជាតិ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ តាមតំបន់ការពារធម្មជាតិទៀតផង ពីព្រោះថាការសាងសង់នេះគឺទុកសម្រាប់ជាប្រយោជន៍ជូនពួកគាត់អាចរកប្រាក់ចំណូលបានបន្ថែម ព្រមទាំងអាចរក្សាបាននូវភាពថ្លៃថ្នូរដែលជាទំនៀមទម្លាប់របស់ប្រជាជាតិខ្មែរតាំងពីដូនតាផងដែរ។

សូមបញ្ជាក់ថា កន្លែងសមាធិដ៏ទំនើបមួយនៅកម្ពុជានេះ បាផ្ដួចផ្ដើមបង្កើតឡើងដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដោយបានសង់ឡើងជាតង់សម្រាប់សម្រាកតាមស្ថាបត្យកម្មខ្មែរ និងបានគិតគូរយ៉ាងល្អិតល្អន់សម្រាប់កន្លែងសមាធិ និងបរិស្ថានជុំវិញ ដោយមានមុងការពារពីការរំខានពីសត្វល្អិត ជួយឱ្យមានភាពស្ងប់សុខ ងាយស្រួលដល់ការស្វាធ្យាយ និងសម្អាតចិត្តឱ្យបានស្អាតល្អផូរផង់។

បច្ចុប្បន្នគម្រោងនេះបានបញ្ចប់ការសាងសង់កន្លែងសមាធិចំនួន១០កន្លែង ព្រមទាំងកាំជណ្តើរឡើងភ្ជាប់ទៅកាន់ទីតាំងទាំងនោះផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំដល់ក្រុមការងារសាងសង់ ឱ្យបន្តយកចិត្តទុកដាក់បង្កើតជាសួនច្បារដែលត្រូវដាំដុះផ្កានិងដើមឈើលម្អបន្ថែមទៀត ដើម្បីបង្កើនសោភ័ណភាព និងបរិយាកាសឱ្យបានល្អថែមមួយកម្រិតទៀត។

ជាមួយគ្នានេះដែរ គម្រោងកន្លែងសមាធិនេះនឹងត្រូវសាងសង់ចំនួន៥០ទីតាំងផ្សេងគ្នាជាបន្តបន្ទាប់ទៀត ដើម្បីទទួលពុទ្ធបរិស័ទនិងភ្ញៀវទេសចរជាតិអន្តរជាតិដែលអញ្ជើញមកកម្សាន្តនៅឧទ្យានជាតិ «គិរីរម្យ» ឱ្យចូលរួមទស្សនាទេសភាពធម្មជាតិ ស្រូបយកខ្យល់អាកាសបរិសុទ្ធ ស្វែងយល់ពីវប្បធម៌ ប្រវត្តិសាស្រ្ត និងធ្វើសមាធិ សិក្សាធម៌វិន័យរបស់ព្រះពុទ្ធសាសនា ដែលជាទំនៀមទម្លាប់របស់ប្រជាពលរដ្ឋខ្មែរយើងតពីដូនតាមក៕

បញ្ចេញមតិ
អត្ថបទទាក់ទង