លោក គង់ សភា អតីតតំណាងរាស្ត្រ អតីតគណបក្សសង្គ្រោះជាតិ ទទួលស្គាល់កំហុស និងគោរពស្នើសុំ សម្តេចធិបតី ហ៊ុន ម៉ាណែត អន្តរាគមន៍លើកលែងទោស ដើម្បីអាចវិលមកខ្មែរវិញ និងជួបជុំគ្រួសារ

ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤​ - កម្ពុជាថ្ងៃនេះ - 0

(ភ្នំពេញ)៖ លោក គង់ សភា អតីតំណាងរាស្ត្រ អតីតគណបក្សសង្គ្រោះជាតិ ទទួលស្គាល់កំហុស បានស្នើសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អន្តរាគមន៍លើកលែងទោស ដើម្បីលោកអាចវិលមកខ្មែរវិញ និងជួបជុំគ្រួសារ មើលថែឪពុកម្តាយចាស់ជរា។ លោក គង់ សភា បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំបាទ គង់ សភា អតីតតំណាងរាស្ត្រមណ្ឌលស្វាយរៀង ពិតជាមានការសោកស្តាយ ដែលរាល់ទង្វើ និង សកម្មភាពមួយចំនួនកន្លងទៅ បានធ្វើឲ្យប៉ះពាល់ដល់ដំណើរការអភិវឌ្ឍ សន្តិភាព ស្ថិរភាព និងគោលនយោបាយ នានារបស់រាជរដ្ឋាភិបាលកម្ពុជា។ ខ្ញុំបាទសូមអភ័យទោសចំពោះរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសចំពោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន»។លោកបានបន្តថា «អាស្រ័យហេតុនេះ ខ្ញុំបាទសូមគោរពស្នើសុំ សម្តេចធិបតីនាយករដ្ឋមន្ត្រី មេត្តាជួយអន្តរាគមន៍ថ្វាយអង្គព្រះមហាក្សត្រ ដើម្បីទ្រង់ផ្តល់សេចក្តីសណ្តោស និងប្រោសប្រទានការលើកលែងទោសឲ្យរូបខ្ញុំបាទ បានរួចផុតពីទោស ដែលតុលាការបានផ្តន្ទានាពេលកន្លងមក ព្រមទាំងទម្លាក់ចោលនូវបទចោទប្រកាន់ទាំងឡាយដែលមានជាធរមាន ចំពោះរូបខ្ញុំ។ ខ្ញុំបាទមានសង្ឃឹមជឿជាក់ថា សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងជួយអន្តរាគមន៍អោយខ្ញុំបានរួចផុតពី ទោសទណ្ឌទាំងឡាយ ដើម្បីអាចវិលត្រឡប់ចូលទៅកាន់មាតុប្រទេសវិញ និងជួបជុំគ្រួសារ មើលថែឪពុកម្តាយចាស់ជរា ដោយក្តីមេត្តាបំផុត»

សូមជម្រាបថា លោក គង់ សភា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ត្រូវបាន គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានីភ្នំពេញ (PEC) ពិន័យជាប្រាក់ចំនួន១០លានរៀល ព្រមទាំងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធឈរឈ្មោះអោយគេបោះឆ្នោតចំនួន ២០ឆ្នាំ។ លោក ជាបុគ្គលម្នាក់ក្នុងចំណោមមនុស្ស ១៦នាក់ទៀត ដោយរួមមានទាំងទណ្ឌិត សម រង្ស៉ី ផងដែរ ដែលត្រូវបានពិន័យប្រាក់ពី១០ ទៅ ២០លានរៀល និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះបោះឆ្នោតពី២០-២៥ឆ្នាំ៕


ប្រភពព័ត៌មាន ៖ BTV News

បញ្ចេញមតិ
អត្ថបទទាក់ទង