សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ផែនការយុទ្ធសាស្រ្ដអភិវឌ្ឍជាតិ គឺជាឯកសារផែនការដ៏មានសារៈសំខាន់សម្រាប់អនុវត្ដគោលនយោបាយអទិភាពរបស់រាជរដ្ឋាភិបាល

ថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០២៤​ - កម្ពុជាថ្ងៃនេះ - 0

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ផែនការយុទ្ធសាស្រ្ដអភិវឌ្ឍជាតិ គឺជាឯកសារផែនការដ៏មានសារៈសំខាន់សម្រាប់អនុវត្ដគោលនយោបាយអទិភាពរបស់រាជរដ្ឋាភិបាល ដែលរួមមានទាំងយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ និងគោលដៅអនុសញ្ញាសកលនានា ដែលកម្ពុជាកំពុងផ្ដល់សច្ចាប័នជាដើម។

ការលើកឡើងខាងលើរបស់សម្ដេចធិបតី ធ្វើឡើងក្នុងពេលដែលសម្ដេចអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងផែនការ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។

សម្ដេចធិបតី បានបន្ដថា កម្មវិធីវិនិយោគ៣ឆ្នាំរំកិល គឺជាឧបករណ៍សម្រាប់អនុវត្ដគោលនយោបាយអាទិភាពដែលមានចែងនៅក្នុងផែនការយុទ្ធសាស្រ្ដអភិវឌ្ឍជាតិ និងជាធាតុចូលសម្រាប់ការរៀបចំក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ក្រមខ័ណ្ឌថវិការយៈពេលមធ្យម និងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ។ សម្ដេចធិបតីបានបន្តថា គោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងរបាយការណ៍ត្រួតពិនិត្យថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ គឺឯកសារដែលមានសារៈសំខាន់សម្រាប់អនុវត្ដគោលដៅ និងអនុសញ្ញាសកលដែលកម្ពុជាបានផ្ដល់សច្ចាប័ន។ ជាមួយគ្នានេះ កម្មវិធីធ្វអត្ដសញ្ញាណកម្មគ្រួសារក្រីក្រ បានជួយដល់គ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យតាមរយៈកម្មវិធីគាំពារសង្គម និងការគាំពារសុខភាព។

ទន្ទឹមនឹងនេះ សម្ដេចធិបតី បានមានប្រសាសន៍ថា គោលនយោបាយផែនការនិងយុទ្ធសាស្រ្ដទាំងនេះ នឹងមិនអាចវាស់វែងបានទេ បើមិនមានសូចនាករ ត្រួតពិនិត្យនិងវាយតម្លៃ។ ហើយការបង្កើតសូចនាករដែលសាមញ្ញ ជាក់លាក់ អាចវាស់វែងបាន អាចជឿទុកចិត្ដបាន និងមានពេលវេលាជាក់លាក់ ត្រូវមានទិន្នន័យ និងស្ថិតិដែលមានសុក្រឹតភាពនិងទាន់ពេលវេលា។ ដូច្នោះការងារស្ថិតិនិងទិន្នន័យ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយឱ្យអ្នករៀបចំគោលនយោបាយធ្វើការងារបានស៊ីជម្រៅ៕

បញ្ចេញមតិ
អត្ថបទទាក់ទង