សម្ដេចក្រឡាហោម ស ខេង៖ ការផ្ដល់នីតិសម្បទាជូនលោក កឹម សុខា អាស្រ័យលើនីតិវិធីរបស់តុលាការ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ការផ្ដល់នីតិសម្បទាជូន លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះ អាចមានសិទ្ធិធ្វើនយោបាយឡើងវិញនោះ គឺអាស្រ័យទៅលើនីតិវិធីរបស់តុលាការតែប៉ុណ្ណោះ ព្រោះតុលាការកំពុងតែដំណើរការលើសំណុំរឿងនេះ។
ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន ក្រោយបញ្ចប់សម័យប្រជុំរបស់រដ្ឋសភា សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «បញ្ហាយើងត្រូវមើលបញ្ហាពីដើម មូលហេតុអីបានជាគាត់ (លោក កឹម សុខា) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ត្រូវមើលមូលហេតុហ្នឹង […] យើងត្រូវមើលហេតុផលអី រហូតមកដល់ពេលនេះដំណើរការ នីតិវិធីតុលាការ មិនទាន់ចប់ ឥលូវគាត់ស្ថិតនៅក្នុងនីតិវិធីតុលាការនៅឡើយ»។
សម្ដេចក្រឡាហោម ស ខេង ក៏បានឲ្យដឹងដែរថា រហូតមកទល់ពេលនេះ ក្រសួងមហាផ្ទៃ មិនទទួលបានសំណើនៃការសុំផ្ដល់នីតិសម្បទា ពីអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលត្រូវបានកាត់សិទ្ធិធ្វើនយោបាយនោះទេ ដោយហេតុថាវិសោធនកម្ម ទៅលើមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ មិនទាន់ចូលជាធរមាននៅឡើយទេ។
សូមជម្រាបថា សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់គណបក្សនយោបាយ ដែលអាចបើកផ្លូវឲ្យអ្នកនយោបាយ ដែលតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយ មានសិទ្ធិពេញលេញក្នុងការធ្វើនយោបាយឡើងវិញ ត្រូវបានព្រឹទ្ធសភា គាំទ្រសម្រេចទាំងស្រុង នៅក្នុងសម័យប្រជុំ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ដែលឈានទៅដល់ការចូលជាធរមានឆាប់ៗតែម្តង។
សេចក្តីស្នើច្បាប់វិសោធនកម្មច្បាប់គណបក្សនយោបាយ ត្រូវបានចុះហត្ថលេខា ដោយតំណាងរាស្រ្តចំនួន៨៧រូប ដោយធ្វើវិសោធនកម្ម ទៅលើមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដោយបន្ថែមនូវវាក្សខណ្ឌមួយថ្មីក្នុងមាត្រា៤៥ថ្មី (ស្ទួនមួយ) ដូចតទៅ៖
«បុគ្គលត្រូវបានតុលាការសម្រេចហាមឃាត់ការ ធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណា មួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ»។
សេចក្តីស្នើច្បាប់នេះ ត្រូវបានរដ្ឋសភា អនុម័តទាំងស្រុងដោយឥតកែប្រែ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពីពិនិត្យរួចរាល់ដោយគណៈកម្មការជំនាញ។
សូមបញ្ជាក់ថា ការរៀបចំសេចក្តីស្នើច្បាប់នេះ បានធ្វើឡើងបន្ទាប់ពី រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍សំខាន់មួយ សម្រួលដល់ស្ថានការណ៍អ្នកនយោបាយក្រុមប្រឆាំង ដែលត្រូវតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយកន្លងទៅ ក៏ដូចជាសម្រួលដល់ប្រព័ន្ធផ្សព្វផ្សាយបរទេសនៅកម្ពុជា អង្គការសង្គមស៊ីវិល និងសហជីពជាដើម៕
ប្រភព៖ FRESH NEWS