ឆ្នាំនេះថ្មីប្លែក ដ្រូន៥០០គ្រឿង បានត្រៀមបង្ហោះលើអាកាសក្នុងឱកាសអបអរសាទរព្រឹត្តិការណ៍ «សៀមរាបសង្ក្រាន្ត» ឆ្នាំថ្មីប្រពៃណីជាតិ

ថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤​ - កម្ពុជាថ្ងៃនេះ - 0

លោក ខុម ក្រឹម ប្រធានរដ្ឋបាលលេខាធិការដ្ឋានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប បានឱ្យដឹងថា ដ្រូន ៥០០គ្រឿង នឹងប្រមូលផ្ដុំគ្នា បង្កើតចេញជារូបភាពពិសេសៗមាន រូបប្រាសាទអង្គរវត្ត ទង់ជាតិកម្ពុជា ផ្ការំដួល អប្សរា ពាក្យសៀមរាបផ្ទះខ្ញុំ និងរូបភាពជាច្រើនទៀតដែលទាក់ទងនឹងវប្បធម៌ប្រពៃណីខ្មែរផងដែរ។

ព្រឹត្តិការណ៍ដែលមិនធ្លាប់នេះ នឹងចាប់ផ្ដើមនៅវេលាម៉ោង២១:០០ ដល់ ២១:៣០នាទីយប់ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ ចំពីលើទីតាំងខាងមុខព្រះរាជដំណាក់ ក្រុងសៀមរាប ដែលជាថ្ងៃរៀបចំព្រឹត្តិការណ៍ «សៀមរាបសង្ក្រាន្ត» ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ ទទួលបាននូវផ្ទាំងទស្សនីយភាពថ្មី និងប្លែកៗទៀតផង។ នេះជាកម្មវិធីថ្មីប្លែកមិនដែលធ្លាប់មាន ដ្រូនទាំងអស់បង្ហោះឡើងមិនមានថតរូបភាពទេ តែបង្ហោះឡើងដើម្បីបញ្ចេញជារូបភាព នៅម៉ោង០៩យប់ ដែលប្រជាពលរដ្ឋអាចទស្សនាបាន។

ព្រឹត្តិការណ៍ «សៀមរាបសង្ក្រាន្ត» សម្រាប់ឆ្នាំ២០២៤នេះ បានរៀបចំឡើង ក្រោមកិច្ចសហការគ្នារវាងរដ្ឋបាលខេត្ត រួមនឹងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងអ្នកពាក់ព័ន្ធ និងរៀបចំ ឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ ដែលមានរៀបចំនូវកម្មវិធីកម្សាន្តជាច្រើន រួមនឹងការតាំងពីពិព័រណ៍ខ្លែងឯកខ្មែរ និងបង្រៀនធ្វើខ្លែង ការតាំងពិព័រណ៍ម្ហូបអាហារ ការលេងល្បែងប្រជាប្រិយខ្មែរ ការជិះទូកកម្សាន្ត ការសម្តែងរបាំប្រពៃណី ការប្រគំតន្ត្រីស្គរដៃនិងការសម្តែងរបាំបុរាណ និងមានផ្ទាំងទស្សនីយភាពនានាជាច្រើនទៀត៕

បញ្ចេញមតិ
អត្ថបទទាក់ទង