ក្រសួងការងារ ចេញសេចក្តីណែនាំឱ្យនៅតាមបណ្តារោងចក្រចាត់វិធានការបន្ថយកំដៅ
ស្របពេលអាកាសធាតុនារដូវប្រាំងនេះកើនកម្តៅ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំស្តីពីវិធានការអនុវត្តបន្ទាន់នៅតាមបណ្តារោងចក្រ ក្នុងអំឡុងពេលអាកាសធាតុក្តៅ។
នៅក្នុងសេចក្តីណែនាំចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងការងារបានណែនាំដល់ម្ចាស់ ឬនាយករោងចក្រទាំងអស់ឱ្យយកចិត្តទុកដាក់អនុវត្តវិធានការបន្ទាន់មួយចំនួនដូចខាងក្រោម៖
១-ត្រូវបើកទ្វារ បង្អួចទាំងអស់ ឬបន្ថែមកង្ហារបញ្ចេញខ្យល់ ឬបឺតខ្យល់ចេញពីក្នុងអគារធ្វើការ។
២-ត្រូវបង្កើនការផ្គត់ផ្គង់ទឹកស្អាតសម្រាប់បរិភោគដល់កម្មករនិយោជិត និងណែនាំឱ្យបរិភោគទឹកឱ្យបានច្រើន និងញឹកញាប់ ពោលគឺយ៉ាងតិច ២លីត្រក្នុងមួយថ្ងៃ ទោះបីមិនស្រេកទឹកក៏ដោយ។
៣-ត្រូវបាញ់ទឹកនៅលើដំបូលអគារធ្វើការឱ្យបានយ៉ាងតិច ២ដងក្នុងមួយថ្ងៃ និងត្រូវចាត់វិធានការចាំបាច់ផ្សេងៗទៀតដើម្បីកាត់បន្ថយកម្តៅជាបន្ទាន់។
៤-ត្រូវពិនិត្យប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់ទាំងអស់នៅតាមអាគារធ្វើការ ដើម្បីធានាថាមានដំណើរការល្អ និងត្រូវបើកឱ្យដំណើរការយ៉ាងតិច ១ម៉ោង មុនឱ្យកម្មករនិយោជិតចូលធ្វើការ។
៥-ត្រូវចាត់បុគ្គលិកទទួលបន្ទុកត្រួតពិនិត្យឧបករណ៍វាស់ស្ទង់កម្តៅជាប្រចាំនៅកន្លែងធ្វើការ។
បើតាមសេចក្ដីណែនាំដដែល ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្ហាញក្ដីសង្ឃឹមថា ម្ចាស់ ឬនាយករោងចក្រទាំងអស់ នឹងចូលរួមអនុវត្តតាមសេចក្តីណែនាំនេះយ៉ាងម៉ឺងម៉ាត់ ប្រកបដោយប្រសិទ្ធភាព ក្នុងស្មារតីទទួលខុសត្រូវខ្ពស់៕