ត្រីមាសទី១ ឆ្នាំ២០២៤ រាជរដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន១០៦ ដែលមានមានទុនវិនិយោគសរុបប្រមាណ ២,២ពាន់លានដុល្លារ

ថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០២៤​ - កម្ពុជាថ្ងៃនេះ - 0

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តគម្រោងវិនិយោគចំនួន១០៦ ដែលមានទុនវិនិយោគសរុបប្រមាណ ២,២ពាន់លានដុល្លារ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។

តាមរយៈសេចក្តីប្រកាសព័ត៌មាននេះដែរ បានបញ្ជាក់ថា គម្រោងដែលបានអនុម័តចំនួន១០៦ មានទុនវិនិយោគសរុបប្រមាណ២,២ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានជាង ១០៧ពាន់កន្លែង។ គម្រោងវិនិយោគនេះ មានទីតាំងស្ថិតនៅ ក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៧៣គម្រោង ក្នុងនោះមានគម្រោងពង្រីកផលិតកម្មចំនួន ៣គម្រោង ដោយឡែកគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៣៣គម្រោង ក្នុងនោះ មានគម្រោងពង្រីកផលិតកម្មចំនួន ៣គម្រោង។

នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះដែរ បានឱ្យដឹងបន្ថែមទៀតថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ ការអនុម័តគម្រោង វិនិយោគមានការកើនឡើងចំនួន៦៧គម្រោង ខណៈទុនវិនិយោគមានការកើនឡើងគួរឱ្យកត់សម្គាល់ប្រមាណ ជិត២ពាន់លានដុល្លារ ស្មើនឹងប្រមាណ៦៤៩% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។ ការកើនឡើងយ៉ាងគំហ៊ុកនេះគឺដោយសារវត្តមាននៃគម្រោងថ្មីនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យឧស្សាហកម្ម, វិស័យទេសចរណ៍, និងគម្រោងពង្រីកផលិតកម្មនៃវិស័យឧស្សាហកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។

គួរបញ្ជាក់ផងដែរថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ ការវិនិយោគក្នុងស្រុកឈរនៅលំដាប់លេខរៀងទី១ រីឯការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី២ ដោយបានរួមចំណែកប្រមាណជាង ៩៣% នៃការវិនិយោគសរុប៕

បញ្ចេញមតិ
អត្ថបទទាក់ទង