ឯកឧត្តម ទិត សុធា ផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរដោយស្មោះស្ម័គ្រជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលទទួលបានការបោះឆ្នោតគាំទ្រពីសមាជិកព្រឹទ្ធសភា៦២លើ៦២សំឡេង ឱ្យធ្វើជាប្រធានដឹកនាំព្រឹទ្ធសភា!
ក្នុងនាមខ្ញុំបាទ ជាប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស ថ្នាក់ដឹកនាំ និងសហការីទាំងអស់ សូមសំដែងនូវសេចក្តីអំណរសាទរឥតឧបមា ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងតួនាទីថ្មីជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា!
បន្ទាប់ពីទទួលជោគជ័យដ៏មហាសាលលើបេសកកម្មដឹកនាំជាតិ ពោរពេញដោយក្តីលំបាកមិនអាចគណនារយៈពេលជាង ៤០ឆ្នាំក្នុងឋានៈជានាយករដ្ឋមន្ត្រីរបស់កម្ពុជានោះ នៅពេលនេះសម្តេចតេជោ ហ៊ុន សែន បន្តតួនាទីភារកិច្ចថ្មីជាប្រធានព្រឹទ្ធសភា ដែលជាស្ថាប័នកំពូលមួយរបស់ជាតិ។ ក្នុងសម័យប្រជុំលើកដំបូងព្រឹទ្ធសភានីតិកាលទី៥ នាព្រឹកថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤ មួយថ្ងៃ មុនខួប៥៤ឆ្នាំ នៃការប្រែក្លាយជីវិតជាយុទ្ធជនប្រយុទ្ធដណ្តើមអំណាច ថ្វាយសម្តេច នរោត្តម សីហនុនោះ សម្តេចតេជោ ហ៊ុន សែន ទទួលបានការបោះឆ្នោតគាំទ្រពីសមាជិកព្រឹទ្ធសភា ៦២ លើ៦២ សំឡេង ឱ្យធ្វើជាប្រធានដឹកនាំព្រឹទ្ធសភា។
ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូន សម្តេចតេជោ ដើម្បីដឹកនាំស្ថាប័នកំពូលមួយនេះ គឺពិតជាបង្ហាញយ៉ាងជាក់ច្បាស់នូវតួនាទីដ៏ឧត្តុង្គឧត្តមរបស់ សមេ្តចតេជោ ដែលប្រជារាស្ត្រខ្មែរច្រើនលើសលប់គោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងតែងតែមានជំនឿចិត្តយ៉ាងមុតមាំលើគតិបណ្ឌិត និងភាពវៃឆ្លាតរបស់ សម្តេចតេជោ ក្នុងការដឹកនាំប្រទេសជាតិ ក្នុងឋានៈជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក។
ប្រជាជាតិខ្មែរទាំងមូល ពិតជាមានមហាភ័ព្វវាសនាខ្ពស់ក្រៃលែង ដោយមានអគ្គមគ្គុទេ្ទសក៍ដ៏ឆ្នើម គឺ សមេ្តចតេជោ ដែលជាវីរកុលបុត្រខ្មែរដ៏អង់អាចក្លាហាន តែងតែរួមសុខរួមទុក្ខដោយក្តីស្មោះត្រង់បំផុត ជាមួយប្រជាជននិងប្រទេសជាតិ នៅគ្រប់កាលៈទេស:ទាំងអស់។ សមេ្តចតេជោ គឺជាតួអង្គដ៏មានសារសំខាន់មិនអាចខ្វះបាន សម្រាប់ឆាកនយោបាយរបស់កម្ពុជា ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេល អនាគត ព្រោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោ គឺជាគ្រឹះនៃការបង្រួបបង្រួមជាតិ ការកសាងខឿន សន្តិភាព ឯករាជ្យ បូរណភាពទឹកដី ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។
សូម សម្តេចតេជោ ប្រធានព្រឹទ្ធសភា អគ្គមគ្គុទេសក៍ឯក ជាស្ថាបនិកសន្តិភាព និងជាបិតានៃការបង្រួបបង្រួមជាតិខ្មែរ បានសមប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីភ្លៀងឃ្លាតឡើយ។
សូម សម្តេចតេជោ មេត្តាទទួលនូវគារវកិច្ច កាតវេទិតាធម៌ និងការគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុត ពីខ្ញុំបាទ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់ក្នុងអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី។