មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ ប្រាប់មន្ទីររាជធានី-ខេត្ត រៀបចំសង្ក្រាន្តដោយភ្ជាប់ការដាស់តឿន កុំឱ្យពាក់ព័ន្ធនឹងគ្រឿងញៀន

ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤​ - កម្ពុជាថ្ងៃនេះ - 0

(ភ្នំពេញ)៖ លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងារផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ប្រចាំក្រសួង បានប្រាប់ទៅមន្ទីររាជធានី-ខេត្តទូទាំងប្រទេស ឲ្យរៀបចំសង្ក្រាន្តក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយភ្ជាប់សកម្មភាពការដាស់តឿន កុំឱ្យពាក់ព័ន្ធនឹងគ្រឿងញៀន។

មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ ថ្លែងបែបនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំក្រុមការងារផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ប្រចាំក្រសួង នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងដោយផ្ទាល់ និងពីចម្ងាយ។

ជាមួយនឹងការថ្លែងខាងលើ លោកស្រីប្រធាន ថែមទាំងណែនាំដល់ពិធីករ-ពិធីការិនី ពេលអានសារស្តីពីការផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ត្រូវធ្វើទឹកមុខឱ្យច្បាស់លាស់ និងសម្លេងច្បាស់លាស់ កុំលេងសើច។ លោកស្រីថា បើកាលណាថ្លែងសារទៅរបៀបលេងសើច នាំឱ្យសារនោះយកជាសាច់ការមិនបានឡើយ ខណៈកន្លងមក លោកស្រីអង្កេតឃើញមានសកម្មភាពបែបនេះ។

បន្ថែមលើនេះ ក្រុមការងារផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ប្រចាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលមានលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា ជាប្រធានកិត្តិយស ក៏បានផ្តាំសមាជិកសមាជិកា ធ្វើការងារសំខាន់មួយចំនួនទៀត រួមមាន៖

* សហការផលិតបទចម្រៀងអប់រំ រឿងអប់រំខ្លីៗ ខ្សែជីវិតពិតពីគ្រឿងញៀន និងផលវិបាករបស់ក្រុមគ្រួសារ ដើម្បីជាសារចែករំលែកដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់បានឃើញពីវិនាសសកម្ម ដោយសារគ្រឿងញៀន

* កៀរគរសិល្បករ សិល្បការិនី និងតារាល្បីៗ ឱ្យជួយផ្សព្វផ្សាយសារអប់រំពីគ្រឿងញៀន នៅរាល់កម្មវិធីសម្តែងនានាគ្រប់ទម្រង់

* បង្កើតកម្មវិធីប្រឡងតែងកំណាព្យ គូរគំនូរ ឬអត្ថបទនិពន្ធនានា ស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន

* រៀបចំសិក្ខាសាលា វេទិកានានា ផ្សព្វផ្សាយឱ្យទូលាយពីផលប៉ះពាល់ និងវិធានការសមស្របចំពោះមុខ ក្នុងការទប់ស្កាត់គ្រឿងញៀន។

ទន្ទឹមនេះ លោកស្រី ឡងឌី សាន់ណារ៉ា បានផ្តាំផ្ញើដល់មន្ត្រីកុំឱ្យពាក់ព័ន្ធនឹងគ្រឿងញៀន ព្រោះបើតាមបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គឺបានឱ្យធ្វើយុទ្ធនាការតេស្តរកសារធាតុញៀនទាំងលើមន្ត្រីកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល ហើយបើរកឃើញសារធាតុញៀន នឹងត្រូវបណ្តេញចេញពីក្របខ័ណ្ឌ។

សូមជម្រាបថា ពាក់ព័ន្ធចំណាត់ការគ្រឿងញៀន, សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រសិនបើមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ជាអ្នកបម្រើប្រជាពលរដ្ឋបើមិនសំអាតខ្លួនឯងមិនស្អាត តើប្រជាពលរដ្ឋរំពឹងអ្វី។ ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាលជាមូយប្រជាពលរដ្ឋខ្មែររស់នៅ ប្រទេសអូស្រ្តាលី និងញូហ្សឺឡែន នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្រាប់បញ្ហាគ្រឿងញៀន គឺមិនមែនមានតែកម្ពុជានោះទេ គឺនៅទូទាំងពិភពលោក ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីបង្ក្រាបបទល្មើសគ្រឿងញៀននៅក្នុងប្រទេស ដោយបានដាក់ចេញនូវវិធានការជាច្រើន។

កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលបានប្រកាសបង្កើតអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្មី ដែលមានឧបនាយករដ្ឋមន្ត្រីចំនួន៤រូប ជាប្រធាន និងអនុប្រធាន៕

ប្រភពអត្ថបទ៖ FRESH NEWS

បញ្ចេញមតិ
អត្ថបទទាក់ទង