ក្រសួងការបរទេសកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានស្តីពី កម្ពុជា និងឡាវ ប្តេជ្ញាបន្តពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង

ថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤​ - កម្ពុជាថ្ងៃនេះ - 0

យោងតាមសេចក្តីប្រកាសព័ត៌មាន អគ្គនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិកនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម បណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ បានឯកភាពលើកទឹកចិត្តឱ្យស្ថាប័នពាក់ព័ន្ធបន្តខិតខំសម្រេចឱ្យបានលទ្ធផល ជាក់លាក់ នូវកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-ឡាវ-វៀតណាមតាមគំនិតផ្ដួចផ្ដើម «ប្រទេសបីគោលដៅតែមួយ»។

នាយករដ្ឋមន្ត្រីទាំងពីរបានស្វាគមន៍ការបើកជើងហោះហើរត្រង់រវាងក្រុងវៀងចន្ទន៍ និងភ្នំពេញឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ឡាវ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២៤ និងបានឯកភាពលើកទឹកចិត្តឱ្យមានទេសចរណ៍ធ្វើដំណើរដោយប្រើប្រាស់យានយន្តផ្ទាល់ខ្លួន ពីប្រទេសឡាវមកកាន់ប្រទេសកម្ពុជា និងពីប្រទេសកម្ពុជាទៅកាន់ប្រទេសឡាវ។

សម្ដេចធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ បានឯកភាពរៀបចំកិច្ចប្រជុំគណកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ឡាវ នៅឆ្នាំ ២០២៥ ដោយមានវេទិកាធុរកិច្ច និងវិនិយោគភ្ជាប់ជាមួយគ្នាផងដែរ សំដៅបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការរៀបចំពិព័រណ៍ផលិតផល ផ្គូផ្គងដៃគូពាណិជ្ជកម្ម និងវិនិយោគ និងជំរុញវិស័យទេសចរណ៍។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណឡាវ ដែលបានផ្ដល់ប្រភពអគ្គិសនីដល់កម្ពុជាកន្លងមក និងបានបញ្ជាក់ពីការគាំទ្រចំពោះការធ្វើពាណិជ្ជកម្មថាមពលបៃតងពីឡាវទៅបណ្តាប្រទេស អាស៊ាននានា រួមទាំងប្រទេសសិង្ហបុរី ដែលរួមចំណែកសំខាន់ដល់ការលើកកម្ពស់សន្តិសុខថាមពល ក្នុងតំបន់អាស៊ាន។

សម្ដេចធិបតី និង ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន ក៏បានស្វាគមន៍ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងថ្មី ស្តីពីសហប្រតិបត្តិការថាមពលរវាងរដ្ឋាភិបាលទាំងពីរ និងអនុស្សរណៈយោគយល់គា្នមួយចំនួន ស្តីពីការទិញថាមពលបៃតង និងស្តីពីការសិក្សាសមិទ្ធិលទ្ធភាពកសាងបណ្តាញបញ្ជូន ថាមពលអគ្គិសនីទៅកម្ពុជាផងដែរ៕

សូមអានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ ៖


ប្រភពអត្ថបទ ៖ ក្រសួងព័ត៌មាន

បញ្ចេញមតិ
អត្ថបទទាក់ទង