ឧបនាយករដ្ឋមន្រ្តី ស សុខា ណែនាំមន្រ្តីថ្នាក់ក្រោមជាតិ ត្រូវមានតម្លាភាព និងទប់ស្កាត់ភាពមិនប្រក្រតីក្នុងការដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំ-សង្កាត់
08-09-2026 22:12
(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំមន្រ្តីថ្នាក់ក្រោមជាតិត្រូវមានតម្លាភាព និងប្រសិទ្ធភាពក្នុងការដេញថ្លៃគម្រោងអភិវឌ្ឍន៍នៅថ្នាក់ឃុំ-សង្កាត់ ដើម្បីធានាថាថវិការដ្ឋត្រូវបានប្រើប្រាស់ប្រកបដោយគណនេយ្យភាព និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋពិតប្រាកដ ហើយមិនប្រើខុសគោលដៅ។
លោកអភិសន្តិបណ្ឌិត ស សុខា ណែនាំបែបនេះ ធ្វើឡើងក្នុងពិធីសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ សុខាភ្នំពេញ។
នាឱកាសនេះ លោកឧបនាយករដ្ឋមន្រ្តី បានលើកឡើងផងដែរពី ភាពមិនប្រក្រតីមួយចំនួនក្នុងការកំណត់តម្លៃ និងបញ្ហាប្រឈមមួយចំនួនទៀត រួមមានការពន្យារពេលក្នុងការអនុវត្តការដេញថ្លៃលទ្ធកម្មនៅថ្នាក់ក្រោមជាតិ ដោយសារកត្តាដូចជាការផ្ទេរថវិកាយឺតយ៉ាវ ។ លោកបានកត់សម្គាល់ថា ជារឿយៗតម្លៃគម្រោងមួយចំនួន ដូចជាប្រព័ន្ធលូបង្ហូរទឹក ត្រូវបានកំណត់ខ្ពស់ហួសហេតុ ដែលខុសពីគុណភាពជាក់ស្តែង ខណៈគម្រោងផ្លូវថ្នល់អាចត្រូវបានទម្លាក់តម្លៃដើម្បីដេញថ្លៃបាន ប៉ុន្តែត្រូវបានដំឡើងតម្លៃលើសេវាបំពេញបន្ថែមផ្សេងទៀត។
អភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា ថវិកាដែលបានផ្ទេរទៅថ្នាក់ក្រោមជាតិ គឺជាថវិការបស់ប្រជាពលរដ្ឋទាំងអស់ ដែលបានមកពីការបង់ពន្ធ។ ដូច្នេះ ការប្រើប្រាស់ថវិកានេះត្រូវតែមានការទទួលខុសត្រូវខ្ពស់។ លោកបានអំពាវនាវដល់រដ្ឋបាលរាជធានី-ខេត្តទាំងអស់ ឱ្យយកចិត្តទុកដាក់ធ្វើជាភ្នែកច្រមុះក្នុងការតាមដាន និងត្រួតពិនិត្យដំណើរការដេញថ្លៃ និងការអនុវត្តគម្រោងនានា។
ជាមួយគ្នានេះ លោកបានក្រើនរំលឹកដល់អភិបាលខេត្តទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការស្នើសុំថវិកាបន្ថែម ឬឥណទានបន្ថែម ដែលអាចនាំឱ្យមានផលវិបាកនៅពេលក្រោយ។








