សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយមន្ត្រីរាជការក្នុងខេត្តកំពង់ធំនិងជំរុញឱ្យមន្ត្រីទាំងអស់សកម្មក្នុងការងារបម្រើប្រជាពលរដ្ឋលើគ្រប់វិស័យ
ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញនូវក្តីរីករាយនិងបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការនៅខេត្តកំពង់ធំទាំងអស់ដែលបានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនាពេលកន្លងមក។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរអភិបាលខេត្តនិងមេយោធាខេត្តកំពង់ធំដែលបានធ្វើ ការងារបានល្អពាក់ព័ន្ធនឹងអតីតយុទ្ធជននិងនិវត្តជននៅខេត្តកំពង់ធំជាពិសេសការគិតគូរនិងយកចិត្តទុកដាក់លើសុខទុក្ខរបស់ពួកគាត់។ សម្តេចបញ្ជាក់ថានិវត្តជន និងអតីតយុទ្ធជនសុទ្ធតែជាអ្នកមានស្នាដៃចំពោះជាតិមាតុភូមិដូច្នេះមិនត្រូវទុកពួកគាត់ចោលនោះឡើយ។
ទាក់ទងទៅនឹងការប្រយុទ្ធប្រឆាំងបទល្មើសអនឡាញ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា គ្មានការយោគយល់ណាមួយនោះឡើយចំពោះទីតាំងណាដែលយកធ្វើជាកន្លែងឆបោកតាមប្រព័ន្ធអនឡាញ និងអ្នកដែលពាក់ព័ន្ធក៏មិនត្រូវបានលើកលែងដែរ។ សម្ដេចតេជោក៏បន្តឱ្យអាជ្ញាធរត្រូវបន្តយកចិត្តទុកដាក់ការពារនិងថែរក្សាធនធានធម្មជាតិដែលមានក្នុងមូលដ្ឋាន ជាពិសេសខេត្តកំពង់ធំ គឺធនធានធម្មជាតិបឹងទន្លេសាប ត្រូវទប់ស្កាត់ការកាប់ទន្ទ្រានព្រៃលិចទឹកនិងរួមគ្នាថែរក្សាឱ្យបានគង់វង្ស។
សម្តេចតេជោ ហ៊ុន សែន ក៏បានក្រើនរំឭកដល់មន្ត្រីរាជការទាំងអស់ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិនិងប្រជាជនឱ្យបានល្អប្រសើរជាពិសេសបន្តយកចិត្តទុក ដាក់ផ្តល់នូវសេវាតម្រូវការនិងសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងមានប្រសិទ្ធភាព។
សម្តេចតេជោបានរំឭកនូវប្រសាសន៍ដែលសម្តេចតែងរំឭកដល់មន្ត្រីតាំងពីពេលនៅកាន់ការងារជានាយករដ្ឋមន្ត្រី ថាយើងត្រូវរត់ទៅរកការងារ កុំឱ្យការងាររត់មករកយើងហើយយើងត្រូវរត់ទៅរកប្រជាជន កុំឱ្យប្រជាជនរត់មករកយើង។
សម្តេចតេជោ ហ៊ុន សែន ក៏បានរំឭកដល់មន្ត្រីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិនិងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀននិងបទល្មើសបច្ចេកវិទ្យា។ សម្ដេចតេជោបានក្រើនរំឭកដល់មន្ត្រីទាំងអស់ជៀសវាងភាពអសកម្មឬការគៀបសង្កត់ណាមួយនិងត្រូវចាំថាមន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេគឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន៕
















