ក្រុមយុវជនសង្គមស៊ីវិលបង្ហាញក្ដីរំពឹងថា ព្រែកជីកដែលកើតចេញជំនាន់នេះ គឺមានតម្លៃវិសេសជានិមិត្តរូប ដែលប្រជាជនកម្ពុជាគ្រប់គ្នាចង់ចាំជានិច្ច
(ភ្នំពេញ)៖ ក្រុមយុវជនសង្គមស៊ីវិលបង្ហាញក្ដីរំពឹងថា ព្រែកជីកហ្វូណនតេជោ ដែលជាការផ្តួចផ្តើមប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយពីសម្តេចតេជោ ហ៊ុន សែន គឺមានតម្លៃវិសេសជានិមិត្តរូប ដែលប្រជាជនកម្ពុជាគ្រប់គ្នាចង់ចាំជានិច្ច។
ចេញពីការផ្តួចផ្តើមប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយពីសម្តេចតេជោ ហ៊ុន សែន បានក្លាយជាមរតកប្រវត្តិសាស្រ្តដ៏ធំមួយរបស់កម្ពុជា។
ការពុះពារឲ្យចេញជារូបរាងក្នុងរយៈពេលដ៏ខ្លីនៃការដ្ឋានព្រែកជីក «ហ្វូណនតេជោ» គឺជាចំណែកដ៏សំខាន់មួយក្នុងការការជួយរុញល្បឿននាវាកម្ពុជា ឲ្យទៅដល់ត្រើយអភិវឌ្ឍយ៉ាងឆាប់រហ័ស និងពិតប្រាកដ។ ការកំណត់កាលបរិច្ឆេទ ៥ ខែសីហា ជាថ្ងៃបើកការដ្ឋានសាងសង់ ក៏មិនមែនជារឿងចៃដន្យនោះដែរ។ ជាពេលវេលាដ៏សក្តិសម ហើយចំកាលៈទេសៈអំណោយផល។
ជាការគត់សម្គាល់ សម្តេចតេជោ ហ៊ុន សែន តែងចូលចិត្តសរសេរនូវកំណត់ហេតុល្អៗ ឬក៏សម្រាប់ជាការចងចាំនៅក្នុងដំណើរជីវិតរបស់លោក ទាំងកិច្ចការផ្ទាល់ខ្លួន របៀបរបបការងារ និងការដឹកនាំនយោបាយ លើចំនុចពេលវេលា និងការប្រសិទ្ធនាម។
ដូច្នេះប្រសូត្រឡើងក្នុងថ្ងៃតែមួយ ព្រែកជីកហ្វូណនអាចចាត់ទុកថាជាសមិទ្ធផលដ៏អស្ចារ្យមួយថ្មីចុងដៃនៃអាណត្តិដឹកនាំរដ្ឋាភិបាលរបស់សម្តេចតេជោ ដើម្បីបុព្វហេតុថ្មីមួយទៀតគឺបម្រើផលប្រយោជន៍សេដ្ឋកិច្ចយូរអង្វែងរបស់ប្រទេស និងឯករាជ្យភាពរបស់ជាតិលើវិស័យដឹកជញ្ជូនតាមផ្លូវទឹក ជាមួយនឹងថ្ងៃកំណើតពិតរបស់សម្តេច ហ៊ុន សែន បានស្តែងយ៉ាងប្រត្យក្សថា អ្នកបង្កើត និងព្រែកជីកដែលកើតចេញជំនាន់នេះគឺមានតម្លៃវិសេសជានិមិត្តរូបដែលជនកម្ពុជាគ្រប់គ្នាត្រូវចងចាំ៕