សម្តេចតេជោ ហ៊ុន សែន ហៅការផ្សាយរបស់ខេមបូឌាដេលីពាក់ព័ន្ធ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី «ជារឿងឆោតល្ងង់» ព្រោះការពន្យារពេលចូលនិវត្តន៍របស់លោក គុណ ញឹម ធ្វើតាំងពីពេលសម្តេចតេជោនៅដឹកនាំប្រទេសមកម្ល៉េះ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចាត់ទុកការផ្សាយរបស់ខេមបូឌាដេលី ដែលបានផ្សាយបំភ្លៃថា លោក គុណ ញឹម យកលុយទៅសូកលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដើម្បីរក្សាតំណែងដល់ឆ្នាំ២០២៨ គឺជារឿង «ឆោតល្ងង់»។ ឆោតល្ងង់ព្រោះថា ការសម្រេចពន្យារពេលចូលនិវត្តន៍ លោក គុណ ញឹម បានធ្វើឡើងតាំងពីពេលសម្តេចតេជោ នៅកាន់តំណែងមកម្ល៉េះ ដូច្នេះគ្មានអ្វីជាក់ពាក់ព័ន្ធសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតនោះឡើយ។
ប្រតិកម្មទៅនឹងការផ្សាយនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មុនដំបូងសម្តេចសម្រេចឱ្យលោក គុណ ញឹម ចូលនិវត្តន៍ត្រឹមឆ្នាំ២០២៥ តែក្រោយមកតាមសំណើ របស់ឧបនាយករដ្ឋមន្ត្រី អូន ពន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងពិនិត្យលើភាពចាំបាច់នៃកំណែទម្រង់គយ និងគុណសម្បត្តិរបស់លោក គុណ ញឹម ផងនោះ សម្តេចសម្រេចឱ្យលោក គុណ ញឹម ចូលនិវត្តន៍នៅឆ្នាំ២០២៨។
សម្តេចបន្ថែមថា សម្តេចក៏បានសម្រេចឱ្យអគ្គនាយករងពីររូបទៀត បានចូលនិវត្តន៍នៅឆ្នាំ២០២៨ផងដែរ ដើម្បីក្លាយជាក្រុមដឹកនាំបន្តកំណែទម្រង់គយប្រកបដោយជោគជ័យ។
សម្តេចតេជោ បានណែនាំឱ្យពិនិត្យលើកាលបរិច្ឆេទ ក្នុងលិខិតបន្ថែមដើម្បីមើលឱ្យឈប់ល្ងង់។ សម្តេចបន្តថា សូមពាក់វ៉ែនតាមើលផងប្រសិនភ្នែកមិនល្អ ជៀសវាងមើលច្រឡំថ្ងៃខែឆ្នាំ។
តាមអ្វីដែលសម្តេចតេជោ បានបញ្ជាក់នេះ ក៏ដូចជាចំណារឯកភាព បានបង្ហាញការពន្យារពេលចូលនិវត្តន៍របស់លោក គុណ ញឹម បានធ្វើឡើងតាំងពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២មកម្ល៉េះ ពោលគឺតាំងពីពេលសម្តេចតេជោ នៅដឹកនាំប្រទេស។
បើតាមកាលបរិច្ឆេទនេះ មានន័យថា សំណើនានា ពាក់ព័ន្ធការគ្រប់គ្រងរដ្ឋគឺមិនមានជាប់ពាក់ព័ន្ធសម្តេចធិបតី ហ៊ុន ម៉ាណែត នោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅក្រុមអ្នកផ្សាយនេះ ហេតុអ្វីបានពួកគេទៅវាយប្រហារលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជាកូនប្រសារសម្តេចទៅវិញ?
ប្រភព៖ FRESH NEWS