ក្រសួងវប្បធម៌ បានរៀបចំកម្មវិធី «ផ្លាស់ប្តូរវប្បធម៌» ជាមួយសាធារណរដ្ឋកូរ៉េ ដើម្បីលើកកម្ពស់ និងអភិរក្សល្បែងទាញព្រ័ត្រ

ថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤​ - កម្ពុជាថ្ងៃនេះ - 0

កាលពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយក្រុង Dangjin សមាគមអភិរក្សល្បែងទាញព្រ័ត្រ និងអង្គការ ICHCAP នៃសាធារណរដ្ឋកូរ៉េ ក្នុងការរៀបចំកម្មវិធីផ្លាស់ប្តូរវប្បធម៌នៃសហគមន៍ទាញព្រ័ត្រ ដើម្បីលើកកម្ពស់ការយល់ដឹង និងពង្រឹងយន្តការអភិរក្សល្បែងទាញព្រ័ត្រដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូកាលពីឆ្នាំ២០១៥កន្លងទៅ។

ជាមួយគ្នានេះដែរ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំប្រតិភូដែលជាតំណាងសហគមន៍ទាញព្រ័ត្រទៅចូលរួមកម្មវិធីទាញព្រ័ត្រនៅប្រទេសកូរ៉េ។ ចំណែកភាគីកូរ៉េ ក៏បានដឹកនាំប្រតិភូមកកម្ពុជាវិញកាលពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែមេសាឆ្នាំ២០២៤ វិញដែរ។

ទន្ទឹមគ្នានោះដែរ កម្មវិធីផ្លាស់ប្តូរវប្បធម៌នៅសាធារណរដ្ឋកូរ៉េ បានរៀបចំឱ្យមានសិក្ខាសាលាអំពីស្ថានភាពល្បែងទាញព្រ័ត្របច្ចុប្បន្ន លេងបង្ហាញល្បែងទាញព្រ័ត្រដោយសហគមន៍ទាញព្រ័ត្រកម្ពុជា វៀតណាម ហ្វីលីពីន និងកូរ៉េ ដែលប្រទេសទាំងបួននេះ បានរួមគ្នាដាក់ល្បែងទាញព្រ័ត្រចូលក្នុងបញ្ជីយូណេស្កូ។ ជាមួយគ្នានោះ ប្រទេសកូរ៉េ ក៏បានរៀបចំឱ្យមានកម្មវិធីទាញព្រ័ត្រប្រពៃណីកូរ៉េផងដែរ។

គួរបញ្ជាក់ថា កម្មវិធីផ្លាស់ប្តូរនៅកម្ពុជាគឺ ភាគីកូរ៉េបានទៅទស្សនាតំបន់អង្គរ ពិសេសប្រាសាទដែលមានចម្លាក់ទាញព្រ័ត្រ (ចម្លាក់កូរសមុទ្រទឹកដោះ) សិក្សាតាមសហគមន៍ទាញព្រ័ត្រ និងបានទៅចូលរួមកម្មវិធីទាញព្រ័ត្រនៅកំពង់កុង ក្នុងស្រុកកោះធំ ខេត្តកណ្តាល។ ក្នុងឱកាសនោះ សហគមន៍ទាញព្រ័ត្រកូរ៉េ បានចូលរួមទាញព្រ័ត្រជាមួយសហគមន៍ទាញព្រ័ត្រកម្ពុជា ក៏ដូចជាបង្ហាញអំពីការទាញព្រ័ត្រកូរ៉េដល់អ្នកចូលរួមកម្មវិធីផងដែរ៕

បញ្ចេញមតិ
អត្ថបទទាក់ទង