តបតាមសំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, គ្រឹះស្ថានសិក្សា មួយចំនួនសម្រេចមិនដំឡើងថ្លៃសិក្សាឡើយនៅឆ្នាំសិក្សា២០២៤-២០២៥នេះ

ថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤​ - កម្ពុជាថ្ងៃនេះ - 0

(ភ្នំពេញ)៖ ដើម្បីរួមចំណែកសម្រួលការលំបាករបស់ប្រជាពលរដ្ឋ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើសុំគ្រឹះស្ថានសិក្សានៅកម្ពុជា កុំដំឡើងថ្លៃសិក្សានៅក្នុងឆ្នាំ សិក្សា ២០២៤-២០២៥នេះ។ តបតាមសំណើនេះ គ្រឹះស្ថានមួយចំនួនសម្រេចមិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ខណៈគ្រឹះស្ថានសិក្សាខ្លះទៀត សម្រេចមិនដំឡើងថ្លៃនៅឆ្នាំសិក្សាឆ្នាំ២០២៥-២០២៦។
តាមរយៈបណ្តាញសង្គមនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដើម្បីសម្រាលបន្ទុកឪពុក ម្តាយ អ្នកអាណាព្យាបាល និងសិស្ស-និស្សិត ក្នុងការ បង់ ថ្លៃសិក្សានៅតាមគ្រឹះស្ថានសិក្សា សម្តេចបានប្រគល់ភារកិច្ចជូនលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សមាគមគ្រឹះស្ថានឧត្តម សិក្សាកម្ពុជាដែលមានសមាជិក១៤១ និងសហព័ន្ធសេវាអប់រំនៃកម្ពុជាដែលមានសមាជិក១២០ ពិនិត្យលទ្ធភាពមិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សាថ្មីនេះ ក៏ដូចជាពិនិត្យលទ្ធភាពជាក់ស្ដែង ក្នុង ការ បញ្ចុះថ្លៃសិក្សាសម្រាប់សិស្ស-និស្សិត។
សម្តេចមហាបវរធិបតី បានបន្ថែមថា ជាលទ្ធផលសមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា បានឯក ភាព មិន ដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥នេះ ហើយគ្រឹះស្ថានសិក្សាទាំងអស់ នឹងពិនិត្យលទ្ធភាពបញ្ចុះតម្លៃសិក្សាជូនសិស្ស-និស្សិត ទៅតាមលទ្ធភាពរៀងៗខ្លួនផងដែរ។ ដោយ ឡែក ចំពោះសហព័ន្ធសេវាអប់រំនៃកម្ពុជា ក៏បានឯកភាពមិនដំឡើងថ្លៃសិក្សា សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ជំនួសវិញ ព្រោះឆ្នាំសិក្សា ២០២៤-២០២៥ គ្រឹះស្ថានសិក្សាជាច្រើនដែលជា សមាជិក សហព័ន្ធបានបើកបវេសនកាលតាំងពីខែកក្កដា ឬសីហា រួចទៅហើយ។
ក្នុងនាមរាជរដ្ឋាភិបាល សម្តេចប្រមុខរាជរដ្ឋាភិបាល បានកោតសរសើរចំពោះស្មារតីសហការ និងសូមថ្លែងអំណរគុណចំពោះសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងសហព័ន្ធសេវាអប់រំ នៃកម្ពុជា ដែលបានយល់ស្របតាមសំណើរបស់សម្តេច ដោយមិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំ សិក្សាថ្មី ក៏ដូចជាការពិនិត្យលទ្ធភាពបញ្ចុះថ្លៃសិក្សាជូនសិស្ស-និស្សិត ទៅតាមលទ្ធភាពរៀងៗ ខ្លួន របស់គ្រឹះស្ថានអប់រំនីមួយៗ។
សម្តេចមហាបវរធិបតី បង្ហាញក្តីសង្ឃឹមថាសកម្មភាពជាវិជ្ជមានរបស់បណ្ដាគ្រឹះស្ថានសិក្សា ខាង លើនេះ នឹងជួយសម្រាលបន្ទុកបានមួយកម្រិតសម្រាប់ឪពុកម្តាយ អ្នកអាណាព្យាបាល និង សិស្ស-និស្សិតសម្រាប់ការសិក្សានេះ។
ក្នុងសារនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់នូវជំហរបស់រាជរដ្ឋាភិបាលលើការអប់រំផងដែរ។ សម្តេចមហាបវរធិបតី បានបញ្ជាក់ថា ការលើកកម្ពស់គុណភាពវិស័យអប់រំ និងកសាងមូលធនមនុស្សជាអាទិភាពដ៏សំខាន់ និងចាំបាច់បំផុត ដែលត្រូវបានកំណត់នៅក្នុងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានផ្តល់ការគាំទ្រ និងដាក់ចេញនូវគោលនយោបាយអនុគ្រោះជាបន្តបន្ទាប់ សំដៅលើកទឹកចិត្ត និងជួយសម្រួលដល់វិស័យអប់រំ ជាពិសេសដើម្បីជួយសម្រាលបន្ទុកចំណាយដល់សកលវិទ្យាល័យ សាលារៀន ក៏ដូចជាឪពុកម្តាយ អ្នកអាណាព្យាបាល និងសិស្ស-និស្សិត។
ក្នុងនោះនៅក្នុងអង្គប្រជុំថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចក៏បានសម្រេចផ្តល់នូវការលើកទឹកចិត្តចំនួន៣ចំណុច ក្នុងនោះក៏បានបន្តអនុគ្រោះពន្ធមួយចំនួន រួមមាន៖ ពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធអប្បបរមា អាករលើតម្លៃបន្ថែម និងពន្ធកាត់ទុកលើសេវាការប្រាក់ និងភាគលាភចាប់ពីឆ្នាំ២០២៤ រហូតដល់ដំណាច់ឆ្នាំ២០២៨៕

បញ្ចេញមតិ
អត្ថបទទាក់ទង