ប្រាក់រៀល ត្រូវបានដាក់ឱ្យជួញដូរនៅអាកាសយានដ្ឋានអន្តរជាតិ Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុន

ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤​ - កម្ពុជាថ្ងៃនេះ - 0

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជា បានចូលរួមពិធីកាត់ខ្សែបូ ដោយដាក់បញ្ចូលប្រាក់រៀលក្នុងតារាងជួញដូររូបិយបណ្ណ នៅបញ្ជរប្តូរប្រាក់របស់ក្រុមហ៊ុន Travelex នៅអាកាសយានដ្ឋានអន្តរជាតិ Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុន។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម គីមទី កោមលី អគ្គនាយកប្រតិបត្តិការ នៃធនាគារជាតិនៃកម្ពុជា និងលោក Cameron Hume នាយកផ្នែកលក់ដុំសកល និងជាអគ្គនាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Travelex និងមានវត្តមានភ្ញៀវកិត្តិយស ព្រមទាំងតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

គួរបញ្ជាក់ថា វត្តមាននៃប្រាក់រៀលជាលើកដំបូងនៅប្រទេសជប៉ុននេះ នឹងជួយឱ្យទេសចរជប៉ុនទៅដើរលេងកម្សាន្តនៅកម្ពុជា កាន់តែមានភាពងាយស្រួលក្នុងការប្តូរជាប្រាក់រៀល ជាពិសេសក៏នឹងជួយជំរុញភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើនជាងមុនផងដែរ។

បន្ថែមពីនេះ ការដាក់បញ្ចូលប្រាក់រៀលនៅលើតារាងជួញដូរនៅទីក្រុងតូក្យូ ជាសក្ខីភាពបញ្ជាក់ថា ប្រាក់រៀលអាចជួញដូរជាលក្ខណៈអន្តរជាតិ ព្រមទាំងឆ្លុះបញ្ចាំងអំពីការបង្កើនទំនុកចិត្តទៅដល់ការប្រើប្រាស់ និងការទទួលស្គាល់ប្រាក់រៀលកាន់តែទូលំទូលាយកម្រិតពិភពលោក។ នេះជាលទ្ធផលនៃកិច្ចប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជាក្នុងការរក្សាស្ថិរភាពប្រាក់រៀលក្នុងរយៈពេល២ទសវត្សរ៍កន្លងមកនេះ។

សូមជម្រាបផងដែរថា នាពេលខាងមុខ ធនាគារជាតិនៃកម្ពុជា នឹងបន្តសហការជាមួយក្រុមហ៊ុន Travelex ដើម្បីដាក់ប្រាក់រៀលនៅលើតារាងជួញដូរនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិជាច្រើនផ្សេងទៀតនៅលើពិភពលោក៕

បញ្ចេញមតិ
អត្ថបទទាក់ទង