គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចេញសេចក្ដីអំពាវនាវ ១១ចំណុច ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ

ថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០២៤​ - កម្ពុជាថ្ងៃនេះ - 0

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១០ ខែមេសា បានចេញសេចក្ដីអំពាវនាវចំនួន១១ចំណុច ស្ដីពីការបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ដែលនឹងមកដល់នាពេលដ៏ខ្លីខាងមុខនេះ ដើម្បីជាការរួមចំណែកក្នុងការកាត់បន្ថយការបាត់បង់ជីវិត រងរបួស និងការខូចខាតទ្រព្យសម្បត្តិ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។

តាមរយៈសេចក្ដីអំពាវនាវនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវចំនួន ១១ចំណុច ដូចខាងក្រោម៖

១-ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត ទោះជិតឬឆ្ងាយ គ្រប់ពេលវលា។
២-មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត មិនត្រូវបន្ថយល្បឿន ឬឈប់នៅត្រង់ផ្លូវប្រសព្វ។
៣-មិនត្រូវបើកបរក្រោយពេលពិសារគ្រឿងស្រវឹង ជាដាច់ខាត និងមិនត្រូវប្រើប្រាស់គ្រឿងញៀន។
៤-ត្រូវគោរពសិទ្ធិអាទិភាព គោរពស្លាកសញ្ញាចរាចរណ៍ និងត្រូវប្រកាន់ស្តាំជានិច្ច។
៥-ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមរថយន្ត។
៦-មិនត្រូវបត់ឬវ៉ាជែងក្នុងភាពប្រថុយប្រថាន ឬប្រើទូរសព្ទដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។
៧-ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាប្រចាំ ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្វ្រាំង ភ្លើងបំភ្លឺ ។ល។
៨-សូមកុំផ្ទុកអ្នកដំណើរឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរឬដឹកកម្មករ មិនត្រូវផ្ទុកអ្នកដំណើរឬកម្មករលើដំបូល និងដាក់ឥវ៉ាន់សំពីងសំពោងជាដាច់ខាត និងសូមមេត្តាកុំដំឡើងថ្លៃធ្វើដំណើរក្នុងឱកាសនេះ។
៩-មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត។
១០-ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌ និងយោគយល់អធ្យាស្រ័យល្អ។
១១-មិនត្រូវលេងគប់ទឹក ឬប៉ាតម្សៅលើអ្នកប្រើប្រាស់ផ្លូវឡើយ៕

បញ្ចេញមតិ
អត្ថបទទាក់ទង