កម្ពុជា-កាណាដា ឯកភាពជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Mark Joseph Carney នាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្ត្រីអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនៃជំនួប, សម្ដេចធិបតីបានសម្ដែងនូវការអរគុណចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីកាណាដា និងគណៈប្រតិភូ ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ក៏ដូចជាចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់កាណាដាលើការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជាសម្រាប់កិច្ចប្រជុំកំពូលលើកទី២០ នេះ ព្រមទាំងបានអបអរសាទរកាណាដា ដែលនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២១ នៅឆ្នាំ២០២៨។ សម្ដេចធិបតីបានគូសបញ្ជាក់ថា ទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្ររបស់ឯកឧត្តមនាយករដ្ឋមន្ត្រីកាណាដាមកកាន់កម្ពុជានាពេលនេះ នឹងប្រែក្លាយការប្ដេជ្ញាចិត្តនានាឱ្យទៅជាសកម្មភាពជាក់ស្ដែង ក្នុងការជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ សម្ដេចធិបតីក៏បានថ្លែងអំណរគុណដល់កាណាដា ដែលបានចូលរួមចំណែកក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា និងដំណើរការស្ដារ កសាង និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសការគាំទ្ររបស់កាណាដាលើការកសាងមូលធនមនុស្ស តាមរយៈការផ្ដល់អាហារូបករណ៍, ការកសាងសមត្ថភាពលើវិស័យការពារជាតិ និងវិស័យបោសសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ទន្ទឹមនឹងនេះ, សម្ដេចធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយសង្កត់ធ្ងន់ថា កាណាដាគឺជាមិត្ត និងជាដៃគូយូរអង្វែងរបស់កម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តបន្តពូនជ្រំទំនាក់ទំនង ក៏ដូចជាជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។
ជាការឆ្លើយតប, ឯកឧត្តមនាយករដ្ឋមន្ត្រីកាណាដាបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានផ្ដល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅចំពោះឯកឧត្តម និងគណៈប្រតិភូ ក្នុងអំឡុងពេលអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ព្រមទាំងបានបង្ហាញនូវសេចក្តីសោមនស្សរីករាយ ដែលបានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាឱកាសនេះ។ ឯកឧត្តមក៏បានសម្ដែងនូវការកោតសរសើរ និងពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរនាពេលកន្លងមក។ ឯកឧត្តមបានគូសបញ្ជាក់ថា កាណាដានឹងបន្តគាំទ្រ និងជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
សម្ដេចធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រីកាណាដា បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា ដើម្បីជំរុញសន្ទុះថ្មីបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ, សន្តិសុខ ការពារជាតិ, ទេសចរណ៍ អប់រំ កសិកម្ម កសិឧស្សាហកម្ម, បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងហិរញ្ញវត្ថុ។ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន, ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការប្រឆាំងបទល្មើសសាយប័រ សំដៅរួមគ្នាកសាងសន្ដិសុខក្នុងតំបន់និងសកលលោក ព្រមទាំងបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់យន្តការពហុភាគីនិយម និងការគោរពច្បាប់អន្តរជាតិ។
បន្ទាប់ពីកិច្ចពិភាក្សាទ្វេភាគី សម្ដេចធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រីកាណាដា ក៏បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន ២៖
១. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងកម្ពុជា និងកាណាដា
២. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការផ្លាស់ប្តូរព័ត៌មានស៊ើបការណ៍ហិរញ្ញវត្ថុ រវាងមជ្ឈមណ្ឌលវិភាគ ប្រតិបត្តិការ និងរបាយការណ៍ហិរញ្ញវត្ថុនៃប្រទេសកាណាដា និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា៕
