ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិនិងបង្កើនចំណូលប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0



(កំពង់ធំ)៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានជំរុញឱ្យមានការបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ក្នុងខេត្តកំពង់ធំ ដើម្បីចូលរួមលើកកម្ពស់សិប្បកម្មកែច្នៃរូបចម្លាក់ក្នុងស្រុកឱ្យក្លាយជាផលិតផលទេសចរណ៍ដែលមានភាពទាក់ទាញ ព្រមទាំងបង្កើតឱកាសការងារ និងប្រភពចំណូលបន្ថែមសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្នុងដំណើរចុះពិនិត្យទីតាំងសិប្បកម្មចម្លាក់នៅភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត បានជួបសំណេះសំណាលជាមួយម្ចាស់សិប្បកម្ម ព្រមទាំងណែនាំឱ្យរៀបចំបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីប្រមូលផ្តុំអ្នកប្រកបរបរចម្លាក់ក្នុងតំបន់ 
ឱ្យមានការសហការគ្នាក្នុងការអភិវឌ្ឍផលិតផល កែលម្អគុណភាព និងពង្រីកឱកាសទីផ្សារ ព្រមទាំងផ្សព្វផ្សាយសិល្បៈនិងវប្បធម៌ខ្មែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសង្កត់ធ្ងន់ថា ការបង្កើតសហគមន៍ចម្លាក់នេះ ត្រូវបានរំពឹងថានឹងជួយបង្កើនភាពទាក់ទាញរបស់ខេត្តកំពង់ធំ តាមរយៈការភ្ជាប់សិប្បកម្មក្នុងស្រុកជាមួយសកម្មភាពទេសចរណ៍ ដោយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនា ស្វែងយល់ពីស្នាដៃចម្លាក់ និងសក្តានុពលសិប្បកម្មរបស់ប្រជាពលរដ្ឋក្នុងតំបន់នេះ ព្រមទាំងអាចក្លាយជាផលិតផលសេដ្ឋកិច្ចមូលដ្ឋានមួយដ៏មានសក្តានុពលរបស់ខេត្តកំពង់ធំ។ ការណ៍នេះមិនត្រឹមតែជួយផ្សព្វផ្សាយស្នាដៃសិប្បករក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កើតសកម្មភាពសេដ្ឋកិច្ចបន្ថែមតាមរយៈការលក់ផលិតផលវត្ថុអនុស្សាវរីយ៍ និងការផ្តល់សេវាកម្មពាក់ព័ន្ធផ្សេងទៀត។ 

ជាមួយគ្នានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានជំរុញឱ្យមានការបណ្តុះបណ្តាល និងពង្រឹងជំនាញចម្លាក់ដែលជាជំនាញដូនតាដល់ជាងចម្លាក់ក៏ដូចជាដល់ប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សមត្ថភាពផលិត និងបង្កើនគុណភាពស្នាដៃ និងផលិតផលឱ្យកាន់តែប្រសើរថែមទៀត។ ការបណ្តុះបណ្តាលនេះក៏គួររួមបញ្ចូលជំនាញគ្រប់គ្រងអាជីវកម្ម ដើម្បីឱ្យម្ចាស់សិប្បកម្មមានសមត្ថភាពរៀបចំផលិតកម្ម គ្រប់គ្រងការចំណាយ ស្វែងរកទីផ្សារ និងបង្កើនប្រសិទ្ធភាពក្នុងការប្រកបអាជីវកម្ម។


សូមបញ្ជាក់ថា ការជំរុញបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក គឺជាការខិតខំប្រឹងប្រែងមួយក្នុងការភ្ជាប់សិប្បកម្មប្រពៃណីជាមួយវិស័យទេសចរណ៍ និងសេដ្ឋកិច្ចមូលដ្ឋាន ហើយវាអាចក្លាយជាផ្នែកមួយនៃបទពិសោធទេសចរណ៍ ដោយភ្ញៀវអាចទស្សនាស្នាដៃ ស្វែងយល់ពីដំណើរការផលិត និងគាំទ្រផលិតផលដែលផលិតដោយសិប្បករក្នុងស្រុក។ 

អត្ថបទទាក់ទង