ឯកឧត្តមបណ្ឌិតធន់វឌ្ឍនា៖ «ការការពារវត្ថុបុរាណគឺជាការការពារអត្តសញ្ញាណនិងព្រលឹងជាតិ»
ភ្នំពេញ៖ នាល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធ និងចាក់បញ្ចាំងជាផ្លូវការនូវខ្សែភាពយន្តឯកសារពិតស្តីពី «ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុបុរាណកម្ពុជា» នៅរោងភាពយន្ត Legend Premium Exchange Square រាជធានីភ្នំពេញ។
ខ្សែភាពយន្តឯកសារនេះ បានបង្ហាញយ៉ាងលម្អិតអំពីដំណើរការស្វែងរក និងកិច្ចខិតខំប្រឹងប្រែងក្នុងការទាមទារយកមកវិញនូវសម្បត្តិវប្បធម៌ខ្មែរ ដែលត្រូវបានលួចនាំចេញទៅក្រៅប្រទេសដោយខុសច្បាប់ ឱ្យវិលត្រឡប់មកកាន់មាតុភូមិវិញ។ តាមរយៈការស៊ើបអង្កេតយ៉ាងស៊ីជម្រៅ និងសក្ខីកម្មពាក់ព័ន្ធ ខ្សែភាពយន្តនេះបានលាតត្រដាងពីបណ្តាញជួញដូរវត្ថុបុរាណខុសច្បាប់ជាសកល សកម្មភាពលួចប្លន់វត្ថុបុរាណចេញពីប្រាសាទនានា ការប្រើប្រាស់កុមារនិងយុវជនក្នុងសកម្មភាពទាំងនោះ ព្រមទាំងខ្សែបណ្ដាយដឹកជញ្ជូនរតនសម្បត្តិខ្មែរទៅកាន់ស្ថាប័នសារមន្ទីរ និងក្រុមអ្នកប្រមូលទិញឯកជននៅក្រៅប្រទេស។
តាមរយៈការរៀបរាប់ និងភស្តុតាងជាក់ស្តែង ខ្សែភាពយន្តនេះមិនត្រឹមតែបានឆ្លុះបញ្ចាំងពីការបាត់បង់ដ៏ឈឺចាប់នៃបេតិកភណ្ឌវប្បធម៌ជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួង-ស្ថាប័នជំនាញ រួមទាំងដៃគូអន្តរជាតិ ក្នុងការស្រាវជ្រាវ ការពារ និងស្តារមរតកជាតិមកវិញ។ ខ្លឹមសារទាំងនេះបានដាស់តឿនសាធារណជនឱ្យយល់ច្បាស់ថា វត្ថុបុរាណមិនមែនគ្រាន់តែជាវត្ថុវប្បធម៌នោះឡើយ តែជាសក្ខីភាពរស់នៃប្រវត្តិសាស្ត្រ អរិយធម៌រុងរឿង និងជាអត្តសញ្ញាណស្នូលរបស់ជាតិខ្មែរ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានគូសបញ្ជាក់ថា ខ្សែភាពយន្តឯកសារនេះគឺជាសារដាស់តឿនដ៏មានតម្លៃ ក្នុងការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជនជំនាន់ក្រោយ អំពីតម្លៃមិនអាចកាត់ថ្លៃបាននៃសម្បត្តិវប្បធម៌ ដែលជាអត្តសញ្ញាណ មោទនភាព និងជាដួងព្រលឹងជាតិ។ ឯកឧត្តមបណ្ឌិតក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិគ្រប់រូប ឱ្យបន្តរួមគ្នាក្នុងស្មារតីតែមួយ ស្រឡាញ់ ថែរក្សា និងការពារសម្បត្តិបេតិកភណ្ឌដូនតា ឱ្យបានគង់វង្សស្ថិតស្ថេរ។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិតបានសង្កត់ធ្ងន់នូវទស្សនទានគន្លឹះថា៖ «ការការពារវត្ថុបុរាណ គឺជាការការពារអត្តសញ្ញាណ និងព្រលឹងជាតិ» ដែលជាកាតព្វកិច្ច និងការទទួលខុសត្រូវរួមរបស់ពលរដ្ឋខ្មែរគ្រប់រូប ដើម្បីថែរក្សាកេរដំណែលដ៏ឧត្តុង្គឧត្តមនេះទុកជាមរតកដល់កូនចៅជំនាន់ក្រោយ និងដើម្បីពង្រឹងមោទនភាពជាតិខ្មែរលើឆាកអន្តរជាតិតរៀងទៅ។
ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន





