ឯកឧត្តម ស្វាយ ស៊ីថា៖ សាមគ្គីភាពនិងកិច្ចសហការជាប្រព័ន្ធតួអង្គតែមួយ គឺជាគ្រឹះដ៏ចាំបាច់ខ្វះមិនបាននៅក្នុងការងារព័ត៌មាននិងសាធារណមតិ

ថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0



ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្ដីពី «ការពង្រឹងការងារសាធារណមតិ និង​ការ​ប្រឆាំង​ព័ត៌មាន​ក្លែង​ក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត» នៅខេត្តកណ្តាល នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ប្រធានគណៈ​កម្មាធិការជា​តិ​សម្រប​សម្រួល​កិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) និងជា​អនុ​ប្រធាន​ក្រុម​ការ​ងារ​ចុះ​មូល​ដ្ឋាន​ខេត្ត​កណ្តាល បានលើកទឹកចិត្តឱ្យមន្ត្រីព័ត៌មាន និងសាធារណមតិ បង្កើន​ការយក​ចិត្ត​ទុក​ដាក់​លើការប្រើប្រាស់បណ្តាញសង្គមគ្រប់ទម្រង់ ដែលជា​ឧបករណ៍​ដ៏សំខាន់​សម្រាប់​ការផ្សព្វ​ផ្សាយព័ត៌មាន និងតាមដានស្ថានភាពសាធារណមតិនៅក្នុងមូលដ្ឋាន។ ជាមួយគ្នានេះ ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មាន​ដែល​បង្កើត​ឡើង​​ដោយ​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ទាមទារ​ឱ្យក្រុម​ការងារ​ពាក់ព័​ន្ធ​ទាំង​អស់​ពង្រឹងកិច្ចសហការជាប្រព័ន្ធតួអង្គតែមួយ ដើម្បីបកស្រាយ​បំភ្លឺកា​រពិតជូន​សាធារណ​ជន​បាន ទាន់ពេលវេលា។

ក្រោយពីវាគ្មិនចំនួន ២រូប ដែលរួមមានឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិ​ភូអម​នាយក​រដ្ឋមន្ត្រី ជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍នៃ គ.ស.ព.ស. និងកញ្ញា ម៉ាក រ័ត្នមុនី មន្ត្រីជំនាញជាន់ខ្ពស់មកពីលេខាធិការដ្ឋាន គ.ស.ព.ស. បានបញ្ចប់ការធ្វើបទបង្ហាញ ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានគូសបញ្ជាក់ បន្ថែមថា «ទន្ទឹមនឹងភាពគ្រោះថ្នាក់ដែលអាចត្រូវបានប្រើប្រាស់ក្នុងផ្លូវទុច្ចរិត បច្ចេកវិទ្យា AI ក៏មានគុណសម្បត្តិ និងអត្ថប្រយោជន៍ជាច្រើនដែលមិនអាចមើលរំលងបានផងដែរ។ ប្រសិនបើត្រូវបានប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ និងត្រឹមត្រូវ បច្ចេកវិទ្យា​នេះនឹង​ជួយសម្រាលបន្ទុកការងារ បង្កើនប្រសិទ្ធភាព និងល្បឿនក្នុងការបំពេញការងារ។  ដូច្នេះ ក្រុមការ​ងារពាក់ព័ន្ធត្រូវបន្តពង្រឹងសមត្ថភាព និងជំនាញបច្ចេកវិទ្យា ដើម្បីអាច​ទាញយក​អត្ថប្រយោជន៍ពីបច្ចេកវិទ្យានេះ»។

មុននឹងប្រកាសបិទវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់ ដែលរៀបចំ​ឡើងតាម​អនុសាសន៍​ណែនាំ​ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកណ្តាល ឯកឧត្តម ស្វាយ ស៊ីថា បានលើកទឹកចិត្តបន្ថែមទៀតដល់សិក្ខាកាម ដែលជាថ្នាក់ដឹកនាំ និងជាមន្ត្រីព័ត៌មាននិងសាធារណមតិទាំងអស់នៅទូទាំងខេត្តកណ្តាល ឱ្យរក្សាសាមគ្គីភាព ក្នុងការបំពេញភារកិច្ចការងារជាក្រុម ដោយហេតុថា «ការងារព័ត៌មាន និងសាធារណមតិ គឺជាការងារដែលទាមទារឱ្យមានការចូលរួមសហការ និងសម្របសម្រួល​យ៉ាងជិត​ស្និទ្ធពី​គ្រប់ភាគី​ពាក់ព័ន្ធនៅគ្រប់លំដាប់ថ្នាក់ ចាប់ពីថ្នាក់ខេត្ត រហូតដល់ថ្នាក់ក្រុង ស្រុក ឃុំ និងសង្កាត់»។

អត្ថបទទាក់ទង