រាជរដ្ឋាភិបាលដាក់ចេញនូវវិធានការលើកលែង និងអនុគ្រោះផ្នែកពន្ធដារលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដើម្បីជួយសម្រួលបន្ទុកផ្នែកហិរញ្ញវត្ថុ និងពន្លឿនការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ
នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងស្តីពីការដាក់ចេញនូវវិធានការលើកលែង និងអនុគ្រោះផ្នែកពន្ធដារលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដើម្បីជួយសម្រួលបន្ទុកផ្នែកហិរញ្ញវត្ថុ និងពន្លឿនការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ។ ការសម្រេចនេះ ធ្វើឡើងអនុលោមតាមចំណារ និងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីចុងខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
យោងតាមសេចក្តីជូនដំណឹងពីវិធានការអនុគ្រោះ និងលើកលែងពន្ធសំខាន់ៗរួមមាន៖
១. ព្យួរពិន័យពន្ធបន្ថែម ១០០%៖ ផ្តល់ការអនុគ្រោះព្យួរការអនុវត្តពន្ធបន្ថែម (ពិន័យយឺតយ៉ាវ) ចំនួន ១០០% ចំពោះដីកាអម ឬដីកាបញ្ជូនដែលហួសរយៈពេល ៣ខែ ចេញពីមន្ទីររៀបចំដែនដី រាជធានី-ខេត្ត ដោយអនុវត្តរហូតដល់ ដំណាច់ឆ្នាំ២០២៧។
២. បង់ពន្ធប្រថាប់ត្រាតែ ១ដងលើកចុងក្រោយ៖ អនុញ្ញាតពន្យារសុពលភាពលិខិតបទដ្ឋានគតិយុត្តិ ឱ្យអចលនទ្រព្យដែលមានប្រវត្តិផ្ទេរសិទ្ធិតៗគ្នាច្រើនដង អាចបង់ពន្ធប្រថាប់ត្រាតែមួយដងលើកចុងក្រោយបានត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២៦។
៣. សម្រួលនីតិវិធីសំណង់ចុងក្រោយ៖ អនុញ្ញាតឱ្យបង់ពន្ធប្រថាប់ត្រា និងពន្ធលើអចលនទ្រព្យ ដោយគ្រាន់តែមានលិខិតអនុញ្ញាតសាងសង់ ឬលិខិតបញ្ជាក់កាលបរិច្ឆេទសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច។
៤. លើកលែងពន្ធជូនកងកម្លាំងជួរមុខ៖ លើកលែងពន្ធប្រថាប់ត្រាទាំងស្រុង លើការផ្ទេរអចលនទ្រព្យជូន យោធិន និងនគរបាលជាតិ ដែលបានចូលរួមក្នុងសមរភូមិជួរមុខ ដោយមានការបញ្ជាក់អត្តសញ្ញាណ និងភារកិច្ចច្បាស់លាស់ពីអង្គភាពសាមី។
ទន្ទឹមនឹងនេះ ក្រសួងសេដ្ឋកិច្ច ក៏បានបញ្ជាក់ថា ការអនុគ្រោះទាំងនេះមិនមានអានុភាពប្រតិសកម្មលើប្រាក់ពន្ធ ឬទណ្ឌកម្មរដ្ឋបាលដែលបានបង់រួចហើយនោះទេ។ ជាមួយគ្នានេះ ក្រសួងសេដ្ឋកិច្ច ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានឯកសារកំពុងដំណើរការនៅមន្ទីររៀបចំដែនដី ឬរដ្ឋបាលសារពើពន្ធរួសរាន់ទៅបំពេញបែបបទបង់ពន្ធ និងចុះបញ្ជីដីធ្លី ដើម្បីទទួលបានបណ្ណកម្មសិទ្ធិផ្លូវការបានលឿនរហ័ស៕

