សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី ពិនិត្យសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន

ថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០​ - កម្ពុជាថ្ងៃនេះ - 0

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យទៅលើសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។

សម្តេចតេជោ ហ៊ុន សែន ក្នុងសន្និសីទព័ត៌មាននៅថ្ងៃទី៣០ ខែមីនា ម្សិលមិញនេះ បានប្រកាសពីការសម្រេចចិត្តតាក់តែងច្បាប់គ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមិនមានទាន់ច្បាប់គ្រប់គ្រងប្រទេសជាតិក្នុងគ្រាមានអាសន្ននៅឡើយនោះទេ។ ដូច្នេះការបង្កើតច្បាប់នេះឡើង ដើម្បីជាឧបករណ៍ផ្នែកច្បាប់មួយគ្រប់គ្រងប្រទេសជាតិក្នុងភាពមានអាសន្ន។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលផងដែរ កុំឱ្យមានការព្រួយបារម្ភច្បាប់នេះ ព្រោះមិនមែនបង្កើតឡើងមក ដើម្បីរឹតដ្បិតសេរីភាពរបស់ប្រជាពលរដ្ឋ និងសេរីភាពនៃការបញ្ចេញមតិនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «យើងបានធ្វើសេចក្តីព្រាងច្បាប់នេះរួចរាល់ហើយ មានទាំងសេចក្តីថ្លែងហេតុប្រុងប្រៀប។ យើងនឹងមានការបែងចែកថាអ្វីខ្លះដែលត្រូវធ្វើ អ្វីខ្លះដែលមិនត្រូវធ្វើ ហើយពេលនោះដាក់ចេញវិធានការបិទទីតាំងសាធារណៈ និងឯកជនណាមួយ ដែលមានភាពចាំបាច់ដើម្បីឆ្លើយតប»

សម្តេចតេជោបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិ ក្នុងគ្រាមានសអាសន្ន ត្រូវបានរៀបចំដោយ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មី ព្រមទាំងបានបញ្ជូនទៅបណ្តាឧបនាយករដ្ឋមន្ត្រីទាំងអស់ផងដែរ។

តាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា បានចែងថា ការដាក់ប្រទេសឱ្យស្ថិតនៅក្នុងគ្រាអាសន្ន គឺជាការអនុវត្តតាមមាត្រា២២ នៅពេលដែលប្រទេសជាតិ ស្ថិតនៅក្នុងគ្រោះថ្នាក់ដែលមិនអាចព្យាករណ៍បាន។ ប៉ុន្តែទោះជាយ៉ាងនេះក្តី រដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនបានចែងច្បាស់ និងលម្អិតអំពីអត្ថន័យ ឬសកម្មភាព ការដាក់ប្រទេសជាតិឱ្យស្ថិតនៅក្នុងគ្រាអាសន្ននោះទេ។

មាត្រា ២២ ថ្មី ចែងថា «នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង ប្រធានព្រឹទ្ធសភា»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បន្ទាប់ពីពិនិត្យក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីនៅព្រឹកនេះរួចហើយ សេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ននឹងត្រូវលើកមកពិភាក្សា និងសម្រេចក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រ ចុងសប្តាហ៍នេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញក្តីរំពឹងផងដែរថា រដ្ឋសភានឹងពន្លឿនក្នុងការពិនិត្យ និងអនុម័តទៅលើសេចក្តីព្រាងច្បាប់មួយនេះផងដែរ៕

ប្រភព៖ Fresh News

បញ្ចេញមតិ
អត្ថបទទាក់ទង