អ្នកជំនាញផ្នែកកិច្ចការអាស៊ាននិងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា រិះគន់ចំពោះការដឹកនាំរបស់ថៃថាមិនឈរលើគោលការណ៍វិទ្យាសាស្រ្តបែរជាយកនយោបាយទឹកកខ្វក់មកលាយឡំ
យោងតាមអត្ថបទរបស់លោកសាស្ត្រាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា ដែលត្រូវបានចែករំលែកដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយថៃ បានធ្វើការវិភាគលើករណីដែលកម្ពុជាបានផ្ញើលិខិតទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីចាប់ផ្តើមដំណើរការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រឆ្នាំ១៩៨២ (UNCLOS)។ ក្នុងនោះក៏មានការតែងតាំងអ្នកជំនាញច្បាប់ចំនួន ២រូបជាតំណាងនិងទុកពេលឱ្យភាគីថៃស្នើឈ្មោះតំណាង២រូប ក្នុងរយៈពេល៣សប្ដាហ៍ដើម្បីជ្រើសរើសប្រធានមកបំពេញតួនាទីផ្សះផ្សា។
សាស្ត្រាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា បានធ្វើការវិភាគដោយត្រង់ៗថា សង្គមថៃជាសង្គមដែលរស់នៅក្នុងការស្រមើស្រមៃ និងមិនសូវអានសៀវភៅ។ កម្ពុជាធ្វើទៅតាមអ្វីដែលបានចែងនៅក្នុងច្បាប់អន្តរជាតិ ប៉ុន្តែថៃជាសង្គមដែលសូម្បីតែចំណេះដឹងមូលដ្ឋានអំពីច្បាប់សមុទ្រក៏មិនទាន់យល់ដឹងផង។ បញ្ហានេះដែរដែលធ្វើឱ្យថៃត្រៀមខ្លួនមិនទាន់។ ការដែលត្រៀមខ្លួនមិនទាន់នោះ គឺដោយសារតែគ្មានសតិក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ ហើយដោះស្រាយបញ្ហាខុសចំណុចមករហូត។ បញ្ហាកំពុងកើតឡើងនៅព្រំដែនគោកប៉ុន្តែបែរជាទៅប្រកាសលុបចោលកិច្ចព្រមព្រៀងព្រំដែនទឹកទៅវិញ។ វាមានន័យថាយើងមិនទាន់យល់ដឹងអំពីស្តង់ដានយោបាយអន្តរជាតិទាល់តែសោះ។
អ្នកជំនាញដដែលរូបនោះបានបន្ថែមថា បញ្ហាព្រំដែនគោក ដែលបានកើតឡើងកាលពីខែឧសភា ឆ្នាំ២០២៥ វាត្រឹមតែជាបញ្ហាដែលកើតឡើងនៅតំបន់ Chong Bok ប៉ុណ្ណោះ ប៉ុន្តែសង្គមថៃបែរជានិយាយរាលដាលទៅឆ្ងាយជាបន្តបន្ទាប់ ដោយមិនបានផ្ដោតលើចំណុចជាក់លាក់ឡើយ។ អ្នកដែលស្រែកថា ស្នេហាជាតិប៉ុន្តែគ្មានខួរក្បាល គឺជាអ្នកដែលបំផ្លាញជាតិពិតប្រាកដ។ អ្នកបានយកភាពអគតិផ្ទាល់ខ្លួន និងការស្អប់ខ្ពើមមកធ្វើជាមូលដ្ឋាន ហើយនៅពេលដែលធ្វើអ្វីមិនបានក៏ងាកមកប្រើប្រាស់ហ្គេមបំផ្លាញជនជាតិថៃដូចគ្នា ដោយទាញយកការស្អប់ខ្ពើមរវាងប្រទេសមកធ្វើជាឧបករណ៍។ នេះជាអ្វីដែលសង្គមថៃត្រូវតែងាកមកពិនិត្យមើលខ្លួនឯងឡើងវិញ ជាពិសេសរឿងច្បាប់ ដែលយើងមិនបានគោរពតាមបទដ្ឋានគតិយុត្តទាល់តែសោះ។
អ្នកជំនាញផ្នែកកិច្ចការអាស៊ាននិងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា បានបញ្ជាក់បន្ថែមថា កម្ពុជាគ្រាន់តែធ្វើតាមនីតិវិធីដែលមានចែងនៅក្នុងច្បាប់សមុទ្រនៃអនុសញ្ញា UNCLOS មិនមានអ្វីប្លែកឡើយ។ ហើយការដែលកម្ពុជាកំណត់ពេលឱ្យក្នុងរង្វង់ ៣សប្ដាហ៍ វាក៏មិនមែនជាអំណាចផ្ដាច់ការរបស់កម្ពុជាដែរ គឺកម្ពុជាគ្រាន់តែនិយាយតាមអ្វីដែលបានចែងក្នុងច្បាប់ យោងតាមខទី៣ នៃឧបសម្ព័ន្ធទី៥ ស្តីពីការបង្កើតគណៈកម្មការផ្សះផ្សាប៉ុណ្ណោះ។ ផ្ទុយទៅវិញ សង្គមថៃមិនព្រមដោះស្រាយបញ្ហា មិនមែនចង់យកឈ្នះលើបញ្ហាទេ ប៉ុន្តែគឺចង់យកឈ្នះលើប្រទេសកម្ពុជា។ ប្រសិនបើចង់យកឈ្នះលើបញ្ហា ថៃមិនធ្វើបែបនេះឡើយ។ នេះគឺជាសញ្ញាបង្ហាញពីភាពខ្វះប្រាជ្ញារបស់អ្នកដឹកនាំ។ ប្រជាជនថៃនៅតែញែកមិនដាច់ រវាងការគ្រប់គ្រងចាត់ចែងតំបន់ព្រំដែន ដែលមានយោធាការពារ ជាមួយនឹងព្រឹត្តិការណ៍ប៉ះទង្គិចគ្នានៅព្រំដែន (Military conflict)។
សាស្ត្រាចារ្យ Akaraphong Khamkhun ក៏បានបន្តរិះគន់ថា រាល់ការទាស់ទែង ឬការប៉ះទង្គិចខាងយោធា គឺត្រូវទុកឱ្យភាគីយោធាជាអ្នកចាត់ការ ប៉ុន្តែរដ្ឋាភិបាលបែរជាមិនព្រមដោះស្រាយឫសគល់នៃបញ្ហា ហើយព្យាយាមរក្សាទំនាស់នោះទុក ដើម្បីកេងចំណេញផលប្រយោជន៍ខាងនយោបាយ។ ពួកគេគិតថា ការរក្សាបញ្ហាខ្សែបន្ទាត់ព្រំដែនឱ្យនៅមានភាពចម្រូងចម្រាស គឺអាចយកមកប្រើប្រាស់ជាឧបករណ៍ដើម្បីពង្រឹងអំណាច ហើយខ្ញុំគិតថានឹងត្រូវមានការបាញ់បោះដាក់គ្នាម្តងទៀតជាក់ជាមិនខាន។ នេះគឺជាលទ្ធផលដែលឆ្លុះបញ្ចាំងពីភាពបរាជ័យក្នុងការគ្រប់គ្រងចាត់ចែងរបស់រដ្ឋាភិបាល។ កុំភ្លេចថា សង្គ្រាមគឺជានិមិត្តរូប នៃភាពបរាជ័យក្នុងការគ្រប់គ្រងវិវាទរបស់អ្នកមានអំណាចនៅក្នុងរដ្ឋនោះ ហើយវាកើតចេញពីភាពខ្ជីខ្ជានិងការមាក់ងាយក្នុងការដោះស្រាយបញ្ហា។
លោកសាស្ត្រាចារ្យ បានសន្និដ្ឋានថា ពេលនេះ សង្គមថៃកំពុងគ្រប់គ្រងចាត់ចែងដោយខុសឆ្គង មិនឈរលើគោលការណ៍វិទ្យាសាស្ត្រ បែរជាយកនយោបាយទឹកកខ្វក់មកលាយឡំ និងលេងសើចជាមួយអារម្មណ៍ប្រជាជន ដើម្បីរក្សាមុខតំណែងនយោបាយរបស់ខ្លួនឯងនិងក្នុងគោលបំណងចង់យកឈ្នះភាគីម្ខាងទៀត ដោយមិនមែនចង់យកឈ្នះលើបញ្ហានោះទេ។ ប្រសិនបើចង់ឱ្យវិវាទរវាងថៃ-កម្ពុជាបញ្ចប់ទៅ គឺត្រូវតែដើរតាមហ្គេមលេងទៅតាមច្បាប់ ហើយស្នើឡើងតែម្តងថា តើនឹងជ្រើសរើសនរណាធ្វើជាប្រធាន ដើម្បីឱ្យមកអង្គុយជជែកគ្នាឱ្យមានរបៀបរៀបរយ។ បញ្ហាដែលកើតឡើងទាំងអស់ គឺដោយសារតែដោះស្រាយមិនចំចំណុច ទាហានឈ្លោះគ្នា ប៉ុន្តែបែរជាឱ្យអ្នកការទូតជជែកគ្នា វាក៏គ្មានថ្ងៃបញ្ចប់ដែរ។ វាត្រូវតែអនុវត្តតាមស្តង់ដាច្បាប់ដែលល្អបំផុត និងមានលក្ខណៈជាអន្តរជាតិ៕


