ប្រធានាធិបតីបារាំងលោក ម៉ាក្រុង គាំទ្រការព្រមព្រៀងកិច្ចឈប់បាញ់ ដើម្បីដោះស្រាយវិវាទដោយសន្តិវិធីរវាងកម្ពុជា-ថៃ

ថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥​ - កម្ពុជាថ្ងៃនេះ - 0

(ភ្នំពេញ)៖ លោកប្រធានាធិបតីបារាំង លោក ម៉ាកក្រុង នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ តាមរយៈបណ្តាញ Instagram របស់ខ្លួន ដោយបញ្ជាក់ថា លោកគាំទ្រចំពោះការចរចា ក្នុងបំណងព្រមព្រៀងឈប់បាញ់យ៉ាងចាំបាច់ ដើម្បីដោះស្រាយវិវាទដោយសន្តិវិធី។

លោកបញ្ជាក់ថា «ពេលវេលាមកដល់ហើយ ដែលត្រូវឱ្យអាវុធផ្អាក នៅតំបន់ព្រំដែនរវាងកម្ពុជា និងថៃ»។

សូមជម្រាបថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចលទ្ធផលដ៏ត្រចះត្រចង់ពីជំនួបជាមួយលោក Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នាដូចខាងក្រោម៖

1. បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង 24:00 ថ្ងៃទី28 ខែកក្កដា ឆ្នាំ2025។ នេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡើងវិញនៅសន្តិភាព និងសន្តិសុខ។

2. រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធភូមិភាគទី1 និងទី2 និងភាគីកម្ពុជាយោធភូមិភាគទី4 និងទី5) នៅវេលាម៉ោង07:00 ថ្ងៃទី29 ខែកក្កដា ឆ្នាំ2025 និងបន្តរៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន បើមានការឯកភាពពីភាគីទាំងពីរ និង

3. រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី4 ខែសីហា ឆ្នាំ2025 ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

បញ្ចេញមតិ
អត្ថបទទាក់ទង