ករណីរថយន្តស៊ីរ៉ែនអូសក្បួនរថយន្តអ្នកលក់អនឡាញទៅញ៉ាំការ៖ កងរាជអាវុធហត្ថបានកោះហៅភាគីពាក់ព័ន្ធមកអប់រំនិងធ្វើកិច្ចសន្យា, ចំណែកម្ចាស់រថយន្តស៊ីរ៉ែនពាក់ស្លាកលេខខេមរភូមិន្ទ ប្រគល់ជូនអង្គភាពសាមីដាក់ទណ្ឌកម្មវិន័យកងទ័ព

ថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២៥​ - កម្ពុជាថ្ងៃនេះ - 0

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៥ នេះ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា ករណីរថយន្តស៊ីរ៉ែនពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-1871 ដែលប្រើប្រាស់ក្នុងការបើកផ្លូវកាលពីពេលកន្លងទៅ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការស្រាវជ្រាវ និងចុះទៅដល់ទីតាំងលំនៅឋានរបស់បុគ្គលដែលពាក់ព័ន្ធនឹងរថយន្តស៊ីរ៉ែនអូសក្បួនមួយនោះ។
តាមរយៈការបញ្ជាក់របស់ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា ការស្រាវជ្រាវរបស់កងរាជអាវុធហត្ថ ទៅ លើករណីរថយន្តស៊ីរ៉ែនពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-1871 មានដូចខាងក្រោម៖

១- តាមសេចក្តីរាយការណ៍របស់លោក ឯកឧត្តមសេនីយ៍ រ័ត្ន ស្រឹង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ៖ អនុវត្តតាម បទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនៃកងយោធ ពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ និងចុះទៅដល់ទីតាំងលំនៅឋានរបស់បុគ្គលដែលពាក់ព័ន្ធនឹងរថយន្តស៊ីរ៉ែនអូសក្បួននោះ ហើយ បានកោះអញ្ជើញបុគ្គលពាក់ព័ន្ធមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបំភ្លឺ។
២- ក្រោយពីបានស្តាប់ដំណើររឿង និងអង្គហេតុរួចមក កម្លាំងជំនាញកងរាជអាវុធហត្ថ បានអប់រំបុគ្គលដែលពាក់ព័ន្ធឱ្យយល់ដឹង អំពីការប្រើប្រាស់ភ្លើងសញ្ញាពិសេស សូរស័ព្ទពិសេស សិទ្ធិអាទិភាពធ្វើចរាចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា និងបានធ្វើកិច្ចសន្យា កុំឱ្យប្រព្រឹត្តទង្វើ បែបនោះតទៀត ជាពិសេសត្រូវចូលរួមគោរពច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា។

៣- ចំពោះម្ចាស់រថយន្តស៊ីរ៉ែនពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-1871 បានប្រគល់ជូន អង្គភាពសាមី ដើម្បីចាត់វិធានការអនុវត្តទណ្ឌកម្មវិន័យកងទ័ព។

កងរាជអាវុធហត្ថ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមផ្តល់មតិក្នុង ន័យស្ថាបនា និងការផ្តល់ព័ត៌មាន នាពេលកន្លងទៅ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មាន មេត្តា ជ្រាបជាព័ត៌មាន។

បញ្ចេញមតិ
អត្ថបទទាក់ទង