TOP NEWS: បណ្តាញព័ត៌មានដ៏ល្បីបំផុតរបស់អាមេរិក CNN ចេញផ្សាយ៖ ឥឡូវនេះកម្ពុជាមានបណ្តាញទំនាក់ទំនងសង្គម Chat ផ្ទាល់ខ្លួនហើយគឺ CoolApp

ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤​ - កម្ពុជាថ្ងៃនេះ - 0

(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ បណ្តាញព័ត៌មានដ៏ល្បីបំផុតរបស់សហរដ្ឋអាមេរិក និងលំដាប់ពិភពលោក បានចេញផ្សាយអំពីដំណឹងដ៏ល្អ របស់កម្ពុជានោះគឺថា «ឥឡូវនេះកម្ពុជាមានបណ្តាញទំនាក់ទំនងសង្គមឆាតផ្ទាល់ខ្លួនហើយគឺ CoolApp» ដែលត្រូវបានផ្សព្វផ្សាយដោយមេដឹកនាំបុរសខ្លាំងកម្ពុជា សម្តេចតេជោ ហ៊ុន សែន។

CNN បានចេញផ្សាយថា «កម្មវិធីផ្ញើសារ CoolApp ត្រូវបានដាក់ឱ្យដំណើរការក្នុងខែមិថុនា ឆ្នាំ២០២៤នេះ ដើម្បីប្រជែងជាមួយកម្មវិធី WhatsApp និង Telegram និងដើម្បីទប់ស្កាត់មិនឲ្យបរទេសចូលជ្រៀតជ្រែកព័ត៌មានរបស់យើង»។ នេះជាការលើកឡើងរបស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហោះនៅលើទំព័រ Facebook ផ្លូវការរបស់សម្តេចក្នុងសប្តាហ៍នេះ ជាមួយការបន្ថែមថា រូបលោកយកចិត្តទុកដាក់បំផុតចំពោះ «សន្តិសុខជាតិ»។

សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា៖ «វាជាកម្មវិធីដំបូងគេមិនធ្លាប់មានរបស់កម្ពុជា និងដែលត្រូវបានដាក់ឱ្យប្រើក្នុងដែនសន្តិសុខរបស់កម្ពុជា។ «ប្រទេសដទៃទៀតមានមធ្យោបាយទំនាក់ទំនងសង្គមផ្ទាល់ខ្លួនដូចជា WeChat របស់ប្រទេសចិន Zalo របស់វៀតណាម Kakao Talk របស់កូរ៉េខាងត្បូង និង Telegram របស់រុស្ស៊ី … ដូច្នេះនៅកម្ពុជា! យើងក៏មានផលិតផលផ្ទាល់ខ្លួនរបស់យើងផងដែរគឺ CoolApp»

លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកបណ្តាញទំនាក់ទំនងសង្គមឆាត CoolApp បានថ្លែងប្រាប់ CNN ឲ្យដឹងថា កម្មវិធី CoolApp ត្រូវបានទាញយក (downloaded) ចំនួន១៥០,០០០ដង ហើយ CoolApp មិនតាមដាន មិនប្រមូល ឬរក្សាទុកទិន្នន័យអ្នកប្រើប្រាស់នោះឡើយ។ លោកអះអាងថា CoolApp ប្រើប្រាស់មុខងារ end-to-end encryption ដើម្បីធានាថាទិន្នន័យ និងការហៅចេញមានសុវត្ថិភាពបំផុត។

លោក លឹម ជាវុត្ថា បានសង្កាត់ច្បាស់ៗថា «មានតែអ្នក និងមនុស្សដែលអ្នកកំពុងទាក់ទងជាមួយតែប៉ុណ្ណោះ ដែលអាចអានសារ ឬស្តាប់សម្លេងបាន ពោលគឺគ្មានអ្នកដទៃឬជនទី៣ អាចអានឬស្តាប់កិច្ចសន្ទនានោះឡើយ សូម្បីតែក្រុមហ៊ុនផ្ទាល់ក៏មិនអាចដែរ»

CoolApp នឹងឈានដល់ការទាញយករហូតដល់ ចំនួន ៥០០ ០០០ ឬ ១ ០០០ ០០០ដង នៅពេលខាងមុខ ខណៈក្រុមហ៊ុន WhatsApp របស់ក្រុមហ៊ុន Meta ដែលជាកម្មវិធីផ្ញើសារដ៏ពេញនិយមបំផុតរបស់ពិភពលោក ត្រូវបានគេប៉ាន់ស្មានថា មានអ្នកប្រើប្រាស់រាប់លាននាក់ នៅក្នុងប្រទេសកម្ពុជា៕

ប្រភព៖ FRESH NEWS

បញ្ចេញមតិ
អត្ថបទទាក់ទង