បញ្ញវន្តខ្មែរបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនៅក្រៅប្រទេស ប្រកាសគាំទ្រ «គម្រោងព្រែកជីកហ្វូណនតេជោ»

ថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤​ - កម្ពុជាថ្ងៃនេះ - 0

(ភ្នំពេញ)៖ បញ្ញវន្តខ្មែរដែលបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនៅក្រៅប្រទេសចំនួន ៤៧រូប បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ «គម្រោងព្រែកជីកហ្វូណនតេជោ»។

ក្នុងញត្តិគាំទ្រនោះ ក្រុមបញ្ញវន្តខ្មែរទាំង៤៧រូប បានប្រកាសថា ពួកគេគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តគម្រោងសាងសង់ «ព្រែកជីកហ្វូណនគេជោ» ដែលជាគំនិត ផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង ជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ ពួកគេក៏បានប្រកាសគាំទ្រយ៉ាងស្មោះស្ម័គ្រចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង «ព្រែកជីកហ្វូណនតេជោ» ឱ្យសម្រេច
បាននាពេលអនាគតខាងមុខនេះ។

ក្រុមបញ្ញវន្តបញ្ចប់ការសិក្សាពីក្រៅប្រទេសនេះ បានលើកឡើងថា «ព្រែកជីកហ្វូណនតេជោ» គឺជាសរសៃឈាមនៃការតភ្ជាប់ផ្លូវទឹករវាងទន្លេ​ទៅកាន់សមុទ្រ និងជាដង្ហើមសេដ្ឋកិច្ចថ្មីមួយ ទៀតសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនមហាសាលសម្រាប់សេដ្ឋកិច្ចជាតិដូចជា៖
១៖ ជាប្រព័ន្ធដឹកជញ្ជូនទំនិញផ្លូវទឹកយ៉ាងសំខាន់ សម្រាប់ផ្សារភ្ជាប់ពាណិជ្ចកម្មជាតិ និងអន្តរជាតិ
២៖ ជាប្រព័ន្ធធារាសាស្ត្រ សម្រាប់ស្រោចស្រពដល់វិស័យកសិកម្ម
៣៖ ជាប្រព័ន្ធផ្លូវទឹក ជាទីអាស្រ័យផលរបស់ប្រជាជនកម្ពុជាក្នុងជីវភាពប្រចាំថ្ងៃ។

«ដោយមើលឃើញអំពីផលប្រយោជន៍ដ៏មហាសាលនៃគម្រោងសាងសង់ ព្រែកជីក​ហ្វូ​ណនតេជោ យើងខ្ញុំទាំងអស់គ្នាជាបញ្ញវន្តរបស់ជាតិ សូមប្ដេជ្ញាចិត្តចូល​រួមគាំទ្រយ៉ាង​ពេញ​ទំហឹង ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចមហាប​វរ​ធិបតី ហ៊ុន ម៉ាណែត សម្រេចបាននូវសមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រសម្រាប់​ព្រះរាជា​ណា​ចក្រកម្ពុជា»។ នេះជាខ្លឹមសារនៃញត្តិគាំទ្ររបស់បញ្ញវន្តខ្មែរ។

ទន្ទឹមនឹងការប្រកាសគាំទ្រ ពួកគេក៏បានគោរពជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងក្រុមគ្រួសារ សូមបានសម ប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ប្រភព៖ FRESH NEWS

បញ្ចេញមតិ
អត្ថបទទាក់ទង