អភិបាលខេត្តកំពង់ចាម នាំយកថវិកាជាង៤២៣លានរៀល និងប្រាក់ដុល្លារជិត១ម៉ឺនដុល្លារ ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា
នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំក្រុមការងារខេត្ត បាននាំយកថវិការៃអង្គាសបានពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសប្បុរសជននៅក្នុងខេត្ត សរុប ៤២៣.៥៨៤.៨០០ រៀល និងប្រាក់ដុល្លារ ចំនួន ៨.៩៣៩ ដុល្លារ ទៅប្រគល់ជូនដើម្បីទ្រទ្រង់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា។
ពិធីប្រគល់ទទួលនេះ បានធ្វើឡើងនៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ ដោយមានសមាសភាពចូលរួមពីឯកឧត្តម បណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា លោកសាស្ត្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ លោកបណ្ឌិត Denis Laurent អគ្គនាយកមូលនិធិស្វីស លោក ឃាន តួក អគ្គលេខាធិការរង និងជាប្រធានផ្នែកទំនាក់ទំនងនៃមូលនិធិគន្ធបុប្ផាកម្ពុជា លោកស្រី ថន កេណ្ណារ័ត្ន អគ្គលេខាធិការរង និងជាប្រធានផ្នែករដ្ឋបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា លោក ចឿង ធានី ប្រធាននាយកដ្ឋាន និង ក្រុមការងារ នៃអង្គភាពប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា។
សូមរំលឹកថា រដ្ឋបាលខេត្តកំពង់ចាម បានបើកយុទ្ធនាការជិះកង់ជុំវិញភូមិសាស្ត្រខេត្តកំពង់ចាមរយ:ពេល៧ថ្ងៃ ដើម្បីប្រមូលថវិកាជួយទ្រទ្រង់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ពោលគឺការជិះកង់រៃអង្គាសប្រមូលថវិកាពីសប្បុរសជននានា ក្នុងក្រុង ស្រុក ទាំង១០ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម គឺបានធ្វើឡើងបន្ទាប់ពីមានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីទ្រទ្រង់មូលនិធិគន្ធបុប្ផា។
ក្នុងយុទ្ធនាការនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានរៀបចំផែនការជិះកង់គូក ចេញទៅតាមគោលដៅ ក្រុង-ស្រុកទាំង១០ ដែលមានសមាសភាពចំនួន ៤០០នាក់ ហើយចំណុចដែលត្រូវចាប់ផ្តើមមុនគេ គឺនៅមុខសាលាខេត្តកំពង់ចាម ក្នុងគោលបំណងទទួលថវិកាពីសប្បុរសជន សម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ព្រោះមន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យដែលបានជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា និងស្ត្រីមានផ្ទៃពោះរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗផងដែរ៕