សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យចូលរួមគាំទ្រព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា

ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤​ - កម្ពុជាថ្ងៃនេះ - 0

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចចូលរួមឧបត្ថម្ភថវិកា ២០០លានរៀល ក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន»។

នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះខ្លឹមសារនៅលើទំព័រហ្វេសប៊ុក៖ «ដោយទទួលបាននូវការអញ្ជើញឲ្យធ្វើ ជាគ្រូបង្វឹកកិត្តិយសរបស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars) ដែលមានអ្នកចម្រៀងខេមជាប្រធានក្រុម។ ព្រឹកនេះខ្ញុំបានជួបសំណេះសំណាលជាមួយគ្រូបង្វឹកនិងកីឡាករទាំងអស់ ដើម្បីរៀបចំផែនការសម្រាប់សកម្មភាពមនុស្សធម៌រយៈពេលខ្លី មធ្យមនិងរយៈពេលវែងរបស់ក្រុមបាល់ទាត់មួយនេះ»។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អ្វីដែលជាកិច្ចការបន្ទាន់គឺការរៀបចំការប្រកួតបាល់ទាត់នៅល្ងាចថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានអូឡាំពិក ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៍និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» និង ដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។

លើសពីនេះ សម្តេចតេជោ ហ៊ុន សែន នឹងចូលរួមដឹកនាំការប្រកួតជាមួយគ្រូបង្វឹកផ្លូវការនៅស្តាតអូឡាំពិក នាល្ងាចថ្ងៃ១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះផងដែរ ដោយចាប់ផ្តើមនូវទម្រង់លេងគឺ 3.4.3។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមទស្សនាឲ្យបានច្រើនកុះករដើម្បីជំរុញចលនាមនុស្សធម៌ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយសម្តេច ក៏បានអំពាវនាវសប្បុរសជននានាចូលរួមជួយថវិកាសម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងត្រូវការសម្រាប់ព្យាបាលដល់កុមារកម្ពុជាទៀតផង។

ក្នុងករណីបងប្អូនចង់ចូលរួមតាមរយៈសម្តេចតេជោ ហ៊ុន សែន សូមទាក់ទងទៅលោក សេង ទៀង ដែលមានលេខទូរស័ព្ទ ០១២ ៩៦១ ៩៧១៕

បញ្ចេញមតិ
អត្ថបទទាក់ទង