សាលាដំបូងខេត្តសៀមរាប បង្ហាញវឌ្ឍនភាពចំណាត់ការ សំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុន របស់ជនត្រូវចោទ ឡេង ចាន់ណា

ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤​ - កម្ពុជាថ្ងៃនេះ - 0

(ភ្នំពេញ)៖ សាលាដំបូងខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីវឌ្ឍនភាពចំណាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីលាន ស៉ីធី វើលដ៍ ឯ.ក។

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានឱ្យដឹងថា ពាក់ព័ន្ធនឹងសំណុំរឿងខាងលើនេះ សាលាដំបូងខេត្តសៀមរាប បានអនុវត្ត កិច្ចនីតិវិធីជាច្រើន មានដូចខាងក្រោម៖

* ១៖ បានសម្រេចបង្កកគណនីធនាគារ ចំនួន ១៨៣ គណនី និងទ្រព្យសម្បត្តិមួយចំនួន។
* ២៖ បានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន ៥ នាក់, បានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទ ចំនួន ២ នាក់ និងបានចេញដីកាបង្គាប់ឱ្យចូលខ្លួនលើជនត្រូវចោទចំនួន ២៤ នាក់ ដោយកំណត់ឱ្យចូល ខ្លួនគិតចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។
* ៣៖ បានចេញដីកាចាត់ឱ្យស៊ើបសួរជំនួស ដោយបង្គាប់ឱ្យស្រាវជ្រាវទ្រព្យសម្បត្តិ និងសាវតារជាតិ របស់ជនពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់ការបន្តតាមនីតិវិធី។

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ជូនថា សាលាដំបូងខេត្តសៀមរាប បាននិងកំពុងចាត់ការ ហើយនឹងបន្តចាត់ការសំណុំរឿងពាក់ព័ន្ធនឹង ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ ឯ.ក របស់ ជនត្រូវចោទឈ្មោះ ឡេង ចាន់ណា ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដោយភាពត្រឹមត្រូវ ច្បាស់លាស់ តម្លាភាព និងយុត្តិធម៌ដោយអនុវត្តតាមច្បាប់ និងនីតិវិធីជាធរមាន។

សូមបញ្ជាក់ជូនបន្ថែមថា សំណុំរឿងនេះ ត្រូវធ្វើការស៊ើបសួរទៅលើបុគ្គលដែលមានការពាក់ព័ន្ធ ច្រើននាក់បន្តទៀត ហើយចំនួនជនរងគ្រោះក៏មានច្រើនផងដែរ ដែលទាមទារពេលវេលាសមរម្យក្នុងការ ស្រាវជ្រាវឱ្យអស់លទ្ធភាពក្នុងន័យស្វែងរកការពិត ដើម្បីដោះស្រាយជូនជនរងគ្រោះ ដើមបណ្តឹងរដ្ឋប្បវណី ទាំងអស់តាមនីតិវិធី។

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប ស្នើប្រជាពលរដ្ឋ សាធារណជន និងបណ្ដាញសារព័ត៌មាន មេត្តាសហការគ្រប់ជ្រុងជ្រោយ ដោយរក្សានូវសន្តិសុខសណ្តាប់ធ្នាប់ល្អ ដើម្បីឱ្យសាលាដំបូងខេត្តសៀមរាប បន្តចាត់ការសំណុំរឿងនេះ ប្រកបដោយប្រសិទ្ធភាព និងផ្ដល់យុត្តិធម៌ជូនភាគីដែលមានការពាក់ព័ន្ធទាំងអស់នាពេលខាងមុខ៕

ប្រភព៖ FRESH NEWS

បញ្ចេញមតិ
អត្ថបទទាក់ទង